អេសាយ 10:29-34 KHOV

29 គេ​បាន​ឆ្លង​មក​ហួស​ផ្លូវ​កាត់​ភ្នំ ហើយ​បាន​ឈប់​ស្នាក់​នៅ​ត្រង់​កេបា ក្រុង​រ៉ាម៉ា​ក៏​ភ័យ‌ញ័រ ហើយ​ពួក​គីបៀរ ជា​ស្រុក​របស់​សូល បាន​រត់​អស់​ហើយ

30 ឱ​កូន​ស្រី​នៃ​ក្រុង​កាលីម​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ឱ​ពួក​ក្រុង​ឡាអ៊ីស​អើយ ចូរ​ស្តាប់​ចុះ ឱ​ពួក​ក្រុង​អាន៉ា‌ថោត​អើយ គួរ​អាណិត​ឯង​ណាស់​ហ្ន៎

31 ពួក​ម៉ាត‌មេណា​បាន​រត់​រួច​ទៅ​ហើយ ឯ​ពួក​កេប៊ីម​ក៏​កំពុង​តែ​រត់​ដែរ

32 នៅ​ថ្ងៃ​នេះ​ឯង ពួក​ខ្មាំង​នឹង​ឈប់​ស្នាក់​នៅ​ត្រង់​ក្រុង​ណូប គេ​ជន្ល​ដៃ​កំហែង​ភ្នំ​នៃ​កូន​ស្រី​ក្រុង​ស៊ីយ៉ូន គឺ​ភ្នំ​នៃ​ក្រុង​យេរូ‌សាឡិម

33 មើល ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​នឹង​ផ្តាច់​មែក​ឈើ ដោយ​សេចក្ដី​ស្ញែង‌ខ្លាច នោះ​ពួក​ដែល​មាន​កំពស់​នឹង​ត្រូវ​កាប់​រំលំ​ចុះ ហើយ​ពួក​នៅ​ទី​ខ្ពស់ នឹង​ត្រូវ​បន្ទាប​វិញ

34 ទ្រង់​នឹង​ត្រាយ​ព្រៃ​ស្តុក​ដោយ​គ្រឿង​ដែក ហើយ​ព្រៃ​ល្បាណូន​នឹង​ត្រូវ​ដួល​ទៅ ដោយ​អំណាច​នៃ​អ្នក​មាន​អានុ‌ភាព។