អេសាយ 10:3-9 KHOV

3 តើ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ដូច​ម្តេច​ក្នុង​ថ្ងៃ​ពិនិត្យ‌ពិច័យ ហើយ​ក្នុង​ការ​បំផ្លាញ​ដែល​នឹង​មក​ពី​ទី​ឆ្ងាយ តើ​ឯង​រាល់​គ្នា​នឹង​រត់​ទៅ​ពឹង​ដល់​អ្នក​ណា តើ​នឹង​ផ្ញើ​សក្តិ‌យស​របស់​ឯង​ទុក​នៅ​ឯ​ណា

4 នៅ​គ្រា​នោះ ឯង​នឹង​បាន​តែ​កន្លែង​ឱន​ចុះ នៅ​កណ្តាល​ពួក​ឈ្លើយ​ប៉ុណ្ណោះ ហើយ​នឹង​ត្រូវ​ដួល នៅ​ក្រោម​ខ្មោច​នៃ​ពួក​អ្នក ដែល​ត្រូវ​គេ​សំឡាប់ ទោះ​បើ​ធ្វើ​ទោស​ជា​ច្រើន​ដល់​ម៉្លេះ​ក៏​ដោយ គង់​តែ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​ទ្រង់​នៅ​តែ​លូក​មក​ទៀត។

5 វេទនា​ដល់​ពួក​សាសន៍​អាស‌ស៊ើរ ដែល​ជា​ដំបង​នៃ​សេចក្ដី​កំហឹង​របស់​អញ ហើយ​រំពាត់​នៅ​ដៃ​គេ គឺ​ជា​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​អញ

6 អញ​នឹង​ចាត់​គេ​ឲ្យ​ទៅ​ទាស់​នឹង​នគរ​១ ដែល​ទមិល​ល្មើស ហើយ​នឹង​បង្គាប់​ការ​ដល់​គេ ឲ្យ​ទាស់​នឹង​សាសន៍១​ដែល​ត្រូវ​សេចក្ដី​ក្រោធ​របស់​អញ ឲ្យ​បាន​ចាប់​យក​របឹប ចាប់​រំពា ហើយ​ជាន់​ឈ្លី​សាសន៍​នោះ​ដូច​ជា​ភក់​នៅ​ផ្លូវ​ផង

7 ប៉ុន្តែ​គេ​មិន​យល់​ដូច្នោះ​ទេ ហើយ​ចិត្ត​គេ​ក៏​មិន​គិត​ឃើញ​ដល់​ម៉្លោះ​ដែរ គឺ​មាន​ចិត្ត​ចង់​បំផ្លាញ​វិញ ក៏​ចង់​កាត់​នគរ​ជា​ច្រើន ឲ្យ​សូន្យ​ចេញ មិន​តិច​ឡើយ

8 ដ្បិត​គេ​ថា ឯ​ចៅ‌ហ្វាយ​របស់​អញ​ទាំង​ប៉ុន្មាន តើ​មិន​មែន​ជា​ស្តេច​គ្រប់​គ្នា​ទេ​ឬ​អី

9 ឯ​ក្រុង​កាលនរ តើ​មិន​មែន​ដូច​ជា​ក្រុង​កើកេមីស​ទេ​ឬ​អី ក្រុង​ហាម៉ាត តើ​មិន​មែន​ដូច​ជា​ក្រុង​អើផាឌ ហើយ​ក្រុង​សាម៉ារី តើ​មិន​មែន​ដូច​ជា​ក្រុង​ដាម៉ាស​ទេ​ឬ​អី