5 វេទនាដល់ពួកសាសន៍អាសស៊ើរ ដែលជាដំបងនៃសេចក្ដីកំហឹងរបស់អញ ហើយរំពាត់នៅដៃគេ គឺជាសេចក្ដីគ្នាន់ក្នាញ់របស់អញ
6 អញនឹងចាត់គេឲ្យទៅទាស់នឹងនគរ១ ដែលទមិលល្មើស ហើយនឹងបង្គាប់ការដល់គេ ឲ្យទាស់នឹងសាសន៍១ដែលត្រូវសេចក្ដីក្រោធរបស់អញ ឲ្យបានចាប់យករបឹប ចាប់រំពា ហើយជាន់ឈ្លីសាសន៍នោះដូចជាភក់នៅផ្លូវផង
7 ប៉ុន្តែគេមិនយល់ដូច្នោះទេ ហើយចិត្តគេក៏មិនគិតឃើញដល់ម៉្លោះដែរ គឺមានចិត្តចង់បំផ្លាញវិញ ក៏ចង់កាត់នគរជាច្រើន ឲ្យសូន្យចេញ មិនតិចឡើយ
8 ដ្បិតគេថា ឯចៅហ្វាយរបស់អញទាំងប៉ុន្មាន តើមិនមែនជាស្តេចគ្រប់គ្នាទេឬអី
9 ឯក្រុងកាលនរ តើមិនមែនដូចជាក្រុងកើកេមីសទេឬអី ក្រុងហាម៉ាត តើមិនមែនដូចជាក្រុងអើផាឌ ហើយក្រុងសាម៉ារី តើមិនមែនដូចជាក្រុងដាម៉ាសទេឬអី
10 ដៃអញបានលូកទៅចាប់យកអស់ទាំងនគរ ដែលគោរពដល់រូបព្រះ ជាស្រុកដែលមានរូបឆ្លាក់វិសេសជាងរូបឆ្លាក់នៅក្រុងយេរូសាឡិម និងក្រុងសាម៉ារីទៅហើយ
11 ចុះតើអញនឹងមិនធ្វើដល់ក្រុងយេរូសាឡិម និងរូបព្រះរបស់គេ ដូចជាបានធ្វើដល់ក្រុងសាម៉ារី និងរូបព្រះរបស់គេដែរទេឬអី។