4 គឺនឹងជំនុំជំរះពួកទ័លក្រ ដោយសេចក្ដីសុចរិត ហើយសំរេចក្តីឲ្យមនុស្សរាបសានៅផែនដី ដោយសេចក្ដីទៀងត្រង់ ក៏នឹងវាយផែនដីដោយរំពាត់នៃមាត់ខ្លួន ព្រមទាំងប្រហារជីវិតមនុស្សដែលប្រព្រឹត្តអាក្រក់ ដោយខ្យល់ដង្ហើមពីបបូរមាត់ផង
5 សេចក្ដីសុចរិតនឹងបានជាខ្សែក្រវាត់ចង្កេះរបស់អ្នកនោះ ហើយសេចក្ដីស្មោះត្រង់ជាខ្សែក្រវាត់កំឡាំងផង។
6 នៅគ្រានោះ ឆ្កែព្រៃនឹងនៅជាមួយនឹងកូនចៀម ឯខ្លារខិន នឹងដេកនៅជាមួយនឹងកូនពពែ ឯកូនគោ និងសិង្ហស្ទាវ ព្រមទាំងសត្វបំប៉នយ៉ាងធាត់នឹងនៅជាមួយគ្នា ហើយក្មេងតូចៗជាអ្នកគង្វាលវា
7 គោញី និងខ្លាឃ្មុំនឹងរកស៊ីជាមួយគ្នា ហើយកូនវានឹងដេកនៅជាមួយដែរ ឯសិង្ហនឹងស៊ីចំបើងដូចជាគោវិញ
8 កូនមនុស្សដែលនៅបៅដោះនឹងលេងនៅត្រង់មាត់រន្ធពស់ហនុមាន ហើយក្មេងលែងដោះនឹងលូកដៃចូលទៅក្នុងរូងពស់វែកបាន
9 វារាល់គ្នានឹងមិនធ្វើទុក្ខ ឬបំផ្លាញគ្នា នៅគ្រប់លើភ្នំបរិសុទ្ធរបស់អញ ដ្បិតគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ
10 នៅគ្រានោះ ឫសនៃអ៊ីសាយនឹងបានតាំងឡើង ទុកជាទង់ដល់ជនជាតិទាំងឡាយ ឯគ្រប់សាសន៍ គេនឹងស្វែងរកអ្នកនោះ ឯទីសំរាករបស់អ្នកនោះ នឹងបានជាទីរុងរឿងឧត្តម។