11 អញនឹងធ្វើទោសដល់លោកីយ៍ដោយព្រោះអំពើអាក្រក់របស់គេ ព្រមទាំងមនុស្សដែលប្រព្រឹត្តបទអាក្រក់ ដោយព្រោះអំពើទុច្ចរិតរបស់គេផង អញនឹងបំបាត់សេចក្ដីឆ្មើងឆ្មៃរបស់ពួកអំនួត ហើយនឹងបន្ទាបបន្ថោកឫកខ្ពស់ របស់មនុស្សកាចអាក្រក់
12 អញនឹងធ្វើឲ្យកម្រមានមនុស្ស ដូចជាកម្រមានមាសសុទ្ធដែរ គឺនឹងឲ្យមនុស្ស១នាក់កម្រមាន ជាជាងមាសពីស្រុកអូភារទៅទៀត
13 ដូច្នេះ អញនឹងធ្វើឲ្យផ្ទៃមេឃញាប់ញ័រ ហើយផែនដីនឹងត្រូវកក្រើករំពើកចេញពីកន្លែងធម្មតា គឺក្នុងគ្រានៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ហើយក្នុងថ្ងៃនៃសេចក្ដីខ្ញាល់ដ៏សហ័សរបស់ទ្រង់
14 នោះគេនឹងបានដូចជាប្រើសដែលត្រូវគេប្រដេញ ហើយដូចជាហ្វូងចៀមដែលឥតមានអ្នកគង្វាល គ្រប់គ្នានឹងវិលទៅឯសាសន៍របស់ខ្លួនវិញ ហើយរត់ទៅឯស្រុករបស់ខ្លួនគ្រប់ៗគ្នា
15 ឯអស់អ្នកដែលត្រូវប្រទះឃើញ នោះនឹងត្រូវចាក់ទំលុះ ហើយអស់អ្នកណាដែលត្រូវចាប់បាន នោះនឹងត្រូវដួលដោយដាវ
16 កូនង៉ែតរបស់គេនឹងត្រូវបោកខ្ទេចខ្ទីនៅចំពោះភ្នែក ផ្ទះគេនឹងត្រូវរឹបជាន់ ឯប្រពន្ធគេ នឹងត្រូវកំហែងចិត្ត។
17 មើល អញនឹងញុះញង់សាសន៍មេឌីឲ្យទាស់នឹងគេ ជាសាសន៍ដែលមិនរាប់អានប្រាក់ សូម្បីតែមាសក៏មិនមានចិត្តរីករាយដែរ