13 ដូច្នេះ អញនឹងធ្វើឲ្យផ្ទៃមេឃញាប់ញ័រ ហើយផែនដីនឹងត្រូវកក្រើករំពើកចេញពីកន្លែងធម្មតា គឺក្នុងគ្រានៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ហើយក្នុងថ្ងៃនៃសេចក្ដីខ្ញាល់ដ៏សហ័សរបស់ទ្រង់
14 នោះគេនឹងបានដូចជាប្រើសដែលត្រូវគេប្រដេញ ហើយដូចជាហ្វូងចៀមដែលឥតមានអ្នកគង្វាល គ្រប់គ្នានឹងវិលទៅឯសាសន៍របស់ខ្លួនវិញ ហើយរត់ទៅឯស្រុករបស់ខ្លួនគ្រប់ៗគ្នា
15 ឯអស់អ្នកដែលត្រូវប្រទះឃើញ នោះនឹងត្រូវចាក់ទំលុះ ហើយអស់អ្នកណាដែលត្រូវចាប់បាន នោះនឹងត្រូវដួលដោយដាវ
16 កូនង៉ែតរបស់គេនឹងត្រូវបោកខ្ទេចខ្ទីនៅចំពោះភ្នែក ផ្ទះគេនឹងត្រូវរឹបជាន់ ឯប្រពន្ធគេ នឹងត្រូវកំហែងចិត្ត។
17 មើល អញនឹងញុះញង់សាសន៍មេឌីឲ្យទាស់នឹងគេ ជាសាសន៍ដែលមិនរាប់អានប្រាក់ សូម្បីតែមាសក៏មិនមានចិត្តរីករាយដែរ
18 ឯធ្នូរបស់សាសន៍នោះនឹងផ្តួលពួកកំឡោះៗអស់រលីងទៅ គេនឹងឥតមានមេត្តាចំពោះផលកើតពីផ្ទៃឡើយ ភ្នែកគេមិនចេះប្រណីដល់ពួកក្មេងៗដែរ
19 នោះក្រុងបាប៊ីឡូនដែលជាសិរីល្អនៃអស់ទាំងនគរ ហើយជាទីលំអនៃសេចក្ដីអំនួតរបស់សាសន៍ខាល់ដេ នឹងត្រូវដូចជាកាលព្រះបានរំលាងក្រុងសូដុំម និងក្រុងកូម៉ូរ៉ាបង់