អេសាយ 13:9-15 KHOV

9 មើល​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​មក​ដល់​ជា​ថ្ងៃ​ដ៏​សហ័ស​ដោយ​សេចក្ដី​ក្រោធ និង​កំហឹង​យ៉ាង​ខ្លាំង ដើម្បី​នឹង​បំផ្លាញ​ស្រុក​ឲ្យ​រលីង ហើយ​នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​បាប​សូន្យ​ចេញ

10 ពី​ព្រោះ​អស់​ទាំង​ផ្កាយ​នៅ​លើ​មេឃ និង​ផ្កាយ​ចក្រ‌រាសី នឹង​លែង​បញ្ចេញ​ពន្លឺ ព្រះ‌អាទិត្យ​នឹង​ងងឹត តាំង​តែ​ពី​រះ​ឡើង ហើយ​ព្រះ‌ចន្ទ​ក៏​នឹង​អាប់​រស្មី​ទៅ​ដែរ

11 អញ​នឹង​ធ្វើ​ទោស​ដល់​លោកីយ៍​ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​គេ ព្រម​ទាំង​មនុស្ស​ដែល​ប្រព្រឹត្ត​បទ​អាក្រក់ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ​ផង អញ​នឹង​បំបាត់​សេចក្ដី​ឆ្មើង‌ឆ្មៃ​របស់​ពួក​អំនួត ហើយ​នឹង​បន្ទាប‌បន្ថោក​ឫក​ខ្ពស់ របស់​មនុស្ស​កាច​អាក្រក់

12 អញ​នឹង​ធ្វើ​ឲ្យ​កម្រ​មាន​មនុស្ស ដូច​ជា​កម្រ​មាន​មាស​សុទ្ធ​ដែរ គឺ​នឹង​ឲ្យ​មនុស្ស​១​នាក់​កម្រ​មាន ជា​ជាង​មាស​ពី​ស្រុក​អូភារ​ទៅ​ទៀត

13 ដូច្នេះ អញ​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ញាប់‌ញ័រ ហើយ​ផែនដី​នឹង​ត្រូវ​កក្រើក​រំពើក​ចេញ​ពី​កន្លែង​ធម្មតា គឺ​ក្នុង​គ្រា​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ហើយ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់

14 នោះ​គេ​នឹង​បាន​ដូច​ជា​ប្រើស​ដែល​ត្រូវ​គេ​ប្រដេញ ហើយ​ដូច​ជា​ហ្វូង​ចៀម​ដែល​ឥត​មាន​អ្នក​គង្វាល គ្រប់​គ្នា​នឹង​វិល​ទៅ​ឯ​សាសន៍​របស់​ខ្លួន​វិញ ហើយ​រត់​ទៅ​ឯ​ស្រុក​របស់​ខ្លួន​គ្រប់ៗ​គ្នា

15 ឯ​អស់​អ្នក​ដែល​ត្រូវ​ប្រទះ​ឃើញ នោះ​នឹង​ត្រូវ​ចាក់​ទំលុះ ហើយ​អស់​អ្នក​ណា​ដែល​ត្រូវ​ចាប់​បាន នោះ​នឹង​ត្រូវ​ដួល​ដោយ​ដាវ