1 ពីព្រោះព្រះយេហូវ៉ា ទ្រង់នឹងអាណិតអាសូរដល់ពួកយ៉ាកុប ហើយនឹងរើសអ៊ីស្រាអែលទៀត ព្រមទាំងដាក់គេឲ្យនៅក្នុងស្រុករបស់គេវិញ ឯពួកអ្នកដែលស្នាក់នៅ នោះនឹងចូលពួកគេ ហើយនៅជាប់នឹងពួកវង្សរបស់យ៉ាកុប
2 គឺសាសន៍ទាំងប៉ុន្មាននឹងនាំយកគេទៅឯកន្លែងរបស់គេវិញ ហើយពួកវង្សរបស់អ៊ីស្រាអែលនឹងបានពួកសាសន៍ទាំងនោះទុកជាបាវប្រុសបាវស្រី នៅក្នុងស្រុករបស់ព្រះយេហូវ៉ា គេនឹងចាប់អ្នកទាំងនោះជាឈ្លើយ ជាអ្នកដែលពីដើមបានចាប់ខ្លួនជាឈ្លើយនោះឯង ហើយនឹងគ្រប់គ្រងលើពួកអ្នកដែលបានសង្កត់សង្កិនខ្លួនវិញ។
3 នៅថ្ងៃដែលព្រះយេហូវ៉ាបានប្រោសប្រទាន ឲ្យឯងបានសំរាកពីសេចក្ដីទុក្ខ សេចក្ដីវេទនា ហើយពីការបំរើយ៉ាងរឹងរូសដែលគេបានចាប់ប្រើឯង
4 នោះឯងនឹងពោលពាក្យចំអកនេះ ដាក់ស្តេចក្រុងបាប៊ីឡូនថា យីអើ ពួកសង្កត់សង្កិនបានឈប់ទ្រឹងយ៉ាងណាហ្ន៎ ទីក្រុងមាសបានរលត់ផុតយ៉ាងណាហ្ន៎
5 ព្រះយេហូវ៉ាទ្រង់បានបំបាក់ដំបងរបស់មនុស្សអាក្រក់ និងដំបងពេជ្រនៃអ្នកគ្រប់គ្រងហើយ