13 ឯងបានគិតក្នុងចិត្តថា អញនឹងឡើងទៅឯស្ថានសួគ៌ អញនឹងដំកើងបល្ល័ង្កអញ ឲ្យខ្ពស់ជាងអស់ទាំងផ្កាយរបស់ព្រះ ហើយអញនឹងអង្គុយលើភ្នំជាទីប្រជុំជំនុំ នៅទីបំផុតនៃទិសខាងជើង
14 អញនឹងឡើងទៅផុតទីខ្ពស់នៃពពក អញនឹងលើកខ្លួនឲ្យបានដូចជាព្រះដ៏ខ្ពស់បំផុត
15 តែឯងបានត្រូវទំលាក់ចុះដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ គឺដល់ទីជំរៅនៃជង្ហុកធំ
16 ពួកអ្នកដែលឃើញឯង គេនឹងសំឡឹងមើលចំឯង ហើយពិចារណាឯងដោយពាក្យថា តើមនុស្សនេះឬអី ដែលធ្លាប់ធ្វើឲ្យផែនដីញាប់ញ័រ ហើយឲ្យនគរទាំងប៉ុន្មានកក្រើករំពើកនោះ
17 ជាអ្នកដែលបានធ្វើឲ្យលោកីយ៍រលីងដូចជាសមុទ្រខ្សាច់ ព្រមទាំងបំផ្លាញទីក្រុងទាំងប៉ុន្មាន ឥតដែលលែងពួកឈ្លើយឲ្យត្រឡប់ទៅឯផ្ទះគេវិញឡើយ
18 ឯសពនៃអស់ទាំងស្តេចរបស់សាសន៍ទាំងប៉ុន្មាន សុទ្ធតែដេកនៅក្នុងទីរុងរឿងនាម៉ុងរបស់គេរៀងខ្លួន
19 តែឯងបានត្រូវបោះចោលចេញឆ្ងាយពីម៉ុងឯងទៅ ដូចជាមែកដែលគួរខ្ពើមវិញ គឺដូចជាអាវរបស់មនុស្សដែលត្រូវគេសំឡាប់ ជាអ្នកដែលត្រូវគេចាក់ទំលុះដោយដាវ ហើយក៏ចុះទៅដល់ថ្មនៅក្នុងរណ្តៅ ដូចជាខ្មោចដែលគេជាន់ឈ្លីដោយជើង