អេសាយ 14:15-21 KHOV

15 តែ​ឯង​បាន​ត្រូវ​ទំលាក់​ចុះ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ គឺ​ដល់​ទី​ជំរៅ​នៃ​ជង្ហុក​ធំ

16 ពួក​អ្នក​ដែល​ឃើញ​ឯង គេ​នឹង​សំឡឹង​មើល​ចំ​ឯង ហើយ​ពិចារណា​ឯង​ដោយ​ពាក្យ​ថា តើ​មនុស្ស​នេះ​ឬ​អី ដែល​ធ្លាប់​ធ្វើ​ឲ្យ​ផែនដី​ញាប់‌ញ័រ ហើយ​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​កក្រើក​រំពើក​នោះ

17 ជា​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​លោកីយ៍​រលីង​ដូច​ជា​សមុទ្រ​ខ្សាច់ ព្រម​ទាំង​បំផ្លាញ​ទី​ក្រុង​ទាំង​ប៉ុន្មាន ឥត​ដែល​លែង​ពួក​ឈ្លើយ​ឲ្យ​ត្រឡប់​ទៅ​ឯ​ផ្ទះ​គេ​វិញ​ឡើយ

18 ឯ​សព​នៃ​អស់​ទាំង​ស្តេច​របស់​សាសន៍​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ដេក​នៅ​ក្នុង​ទី​រុងរឿង​នា​ម៉ុង​របស់​គេ​រៀង​ខ្លួន

19 តែ​ឯង​បាន​ត្រូវ​បោះ​ចោល​ចេញ​ឆ្ងាយ​ពី​ម៉ុង​ឯង​ទៅ ដូច​ជា​មែក​ដែល​គួរ​ខ្ពើម​វិញ គឺ​ដូច​ជា​អាវ​របស់​មនុស្ស​ដែល​ត្រូវ​គេ​សំឡាប់ ជា​អ្នក​ដែល​ត្រូវ​គេ​ចាក់​ទំលុះ​ដោយ​ដាវ ហើយ​ក៏​ចុះ​ទៅ​ដល់​ថ្ម​នៅ​ក្នុង​រណ្តៅ ដូច​ជា​ខ្មោច​ដែល​គេ​ជាន់​ឈ្លី​ដោយ​ជើង

20 ឯង​នឹង​មិន​បាន​មូល​ទៅ​ជា​មួយ​នឹង​គេ​នៅ​ក្នុង​ផ្នូរ​ទេ ពី​ព្រោះ​ឯង​បាន​បំផ្លាញ​ស្រុក​របស់​ឯង ហើយ​បាន​សំឡាប់​ប្រជា‌ជន​របស់​ឯង​ផង ឯ​ពូជ​នៃ​មនុស្ស​អាក្រក់ នឹង​ឥត​មាន​អ្នក​ណា​ចេញ​ឈ្មោះ​គេ​នៅ​អស់‌កល្ប‌ជានិច្ច។

21 ចូរ​ចាត់‌ចែង​ការ​សំឡាប់​ពួក​កូន ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​ឪពុក​វា ដើម្បី​កុំ​ឲ្យ​វា​តាំង​ខ្លួន​ឡើង​ធ្វើ​ជា​ម្ចាស់​ផែនដី​ទៀត ហើយ​សង់​ទី​ក្រុង​ឲ្យ​ពេញ‌ពាស​ក្នុង​លោកីយ៍​ឡើយ