អេសាយ 14:20-26 KHOV

20 ឯង​នឹង​មិន​បាន​មូល​ទៅ​ជា​មួយ​នឹង​គេ​នៅ​ក្នុង​ផ្នូរ​ទេ ពី​ព្រោះ​ឯង​បាន​បំផ្លាញ​ស្រុក​របស់​ឯង ហើយ​បាន​សំឡាប់​ប្រជា‌ជន​របស់​ឯង​ផង ឯ​ពូជ​នៃ​មនុស្ស​អាក្រក់ នឹង​ឥត​មាន​អ្នក​ណា​ចេញ​ឈ្មោះ​គេ​នៅ​អស់‌កល្ប‌ជានិច្ច។

21 ចូរ​ចាត់‌ចែង​ការ​សំឡាប់​ពួក​កូន ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​ឪពុក​វា ដើម្បី​កុំ​ឲ្យ​វា​តាំង​ខ្លួន​ឡើង​ធ្វើ​ជា​ម្ចាស់​ផែនដី​ទៀត ហើយ​សង់​ទី​ក្រុង​ឲ្យ​ពេញ‌ពាស​ក្នុង​លោកីយ៍​ឡើយ

22 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ក្រោក​ឡើង​ទាស់​នឹង​គេ ហើយ​កាត់​ទាំង​ឈ្មោះ និង​សំណល់​មនុស្ស ទាំង​កូន និង​ចៅ ចេញ​ពី​ក្រុង​បាប៊ី‌ឡូន​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

23 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​បំផ្លាស់​ទី​នោះ​ឲ្យ​ទៅ​ជា​លំនៅ​របស់​សត្វ​ប្រមា ហើយ​ជា​ត្រពាំង​ទឹក អញ​ក៏​នឹង​បោស​ដោយ​អំបោស​ជា​ការ​បំផ្លាញ។

24 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ស្បថ​ថា ពិត​ប្រាកដ​ជា​នឹង​កើត​មាន​ដូច​ជា​អញ​បាន​គិត​ហើយ ក៏​នឹង​សំរេច​ដូច​ជា​អញ​បាន​កំណត់​ទុក​ផង

25 គឺ​អញ​នឹង​បំបាក់​ទ័ព​ពួក​អាស‌ស៊ើរ ដែល​នៅ​ក្នុង​ស្រុក​អញ ហើយ​នឹង​ជាន់​ឈ្លី​គេ​នៅ​លើ​ភ្នំ​របស់​អញ គ្រា​នោះ នឹម​របស់​គេ​នឹង​បាត់​ទៅ ហើយ​បន្ទុក​របស់​គេ​នឹង​បាត់​ពី​ស្មា​ចេញ

26 នេះ​ហើយ​ជា​ការ ដែល​បាន​សំរេច​នឹង​ធ្វើ នៅ​លើ​ផែនដី​ទាំង​មូល ហើយ​នេះ​ជា​ព្រះ‌ហស្ត ដែល​បាន​សន្ធឹង​ទៅ​លើ​នគរ​ទាំង​ពួង