21 ចូរចាត់ចែងការសំឡាប់ពួកកូន ដោយព្រោះអំពើទុច្ចរិតរបស់ឪពុកវា ដើម្បីកុំឲ្យវាតាំងខ្លួនឡើងធ្វើជាម្ចាស់ផែនដីទៀត ហើយសង់ទីក្រុងឲ្យពេញពាសក្នុងលោកីយ៍ឡើយ
22 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា អញនឹងក្រោកឡើងទាស់នឹងគេ ហើយកាត់ទាំងឈ្មោះ និងសំណល់មនុស្ស ទាំងកូន និងចៅ ចេញពីក្រុងបាប៊ីឡូនផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
23 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា អញនឹងបំផ្លាស់ទីនោះឲ្យទៅជាលំនៅរបស់សត្វប្រមា ហើយជាត្រពាំងទឹក អញក៏នឹងបោសដោយអំបោសជាការបំផ្លាញ។
24 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានស្បថថា ពិតប្រាកដជានឹងកើតមានដូចជាអញបានគិតហើយ ក៏នឹងសំរេចដូចជាអញបានកំណត់ទុកផង
25 គឺអញនឹងបំបាក់ទ័ពពួកអាសស៊ើរ ដែលនៅក្នុងស្រុកអញ ហើយនឹងជាន់ឈ្លីគេនៅលើភ្នំរបស់អញ គ្រានោះ នឹមរបស់គេនឹងបាត់ទៅ ហើយបន្ទុករបស់គេនឹងបាត់ពីស្មាចេញ
26 នេះហើយជាការ ដែលបានសំរេចនឹងធ្វើ នៅលើផែនដីទាំងមូល ហើយនេះជាព្រះហស្ត ដែលបានសន្ធឹងទៅលើនគរទាំងពួង
27 ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានសំរេចនឹងធ្វើហើយ តើអ្នកណានឹងរំលប់រំលាងបាន ព្រះហស្តនៃទ្រង់បានលូកទៅហើយ តើអ្នកណានឹងបង្វិលឲ្យត្រឡប់ទៅវិញបាន។