អេសាយ 14:3-9 KHOV

3 នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ប្រទាន ឲ្យ​ឯង​បាន​សំរាក​ពី​សេចក្ដី​ទុក្ខ សេចក្ដី​វេទនា ហើយ​ពី​ការ​បំរើ​យ៉ាង​រឹង‌រូស​ដែល​គេ​បាន​ចាប់​ប្រើ​ឯង

4 នោះ​ឯង​នឹង​ពោល​ពាក្យ​ចំអក​នេះ ដាក់​ស្តេច​ក្រុង​បាប៊ី‌ឡូន​ថា យី​អើ ពួក​សង្កត់‌សង្កិន​បាន​ឈប់​ទ្រឹង​យ៉ាង​ណា​ហ្ន៎ ទី​ក្រុង​មាស​បាន​រលត់​ផុត​យ៉ាង​ណា​ហ្ន៎

5 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បំបាក់​ដំបង​របស់​មនុស្ស​អាក្រក់ និង​ដំបង​ពេជ្រ​នៃ​អ្នក​គ្រប់‌គ្រង​ហើយ

6 ជា​អ្នក​ដែល​បាន​វាយ​ជន‌ជាតិ​ទាំង‌ឡាយ ដោយ​ចិត្ត​ក្រេវ‌ក្រោធ​ជានិច្ច ហើយ​បាន​គ្រប់‌គ្រង​លើ​អស់​ទាំង​សាសន៍​ដោយ​សេចក្ដី​កំហឹង ជា​ការ​ញាំ‌ញី​ដែល​ឥត​មាន​អ្នក​ណា​ឃាត់‌ឃាំង​ឡើយ

7 ផែនដី​ទាំង​មូល​បាន​ស្រាក‌ស្រាន្ត​អស់​ហើយ ក៏​ស្ងៀម‌ស្ងប់​ដែរ គេ​ទំលាយ​សំឡេង​ច្រៀង​ចេញ​មក

8 អើ ទាំង​ដើម​កកោះ​ក៏​រីក‌រាយ​ចំពោះ​ឯង និង​ដើម​តាត្រៅ​នៅ​ភ្នំ​ល្បាណូន​ផង ដោយ​ពាក្យ​ថា តាំង​ពី​ឯង​ត្រូវ​រលំ​ចុះ នោះ​ឥត​មាន​អ្នក​ណា​ឡើង​មក​កាប់​រំលំ​យើង​ទៀត​ទេ

9 ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នៅ​ខាង​ក្រោម មាន​សេចក្ដី​រំជួល​ដោយ​ព្រោះ​ឯង គឺ​ទាំង​ពួក​អ្នក​ធំ​នៅ​ផែនដី​ផង ក៏​បាន​ឲ្យ​អស់​ទាំង​ស្តេច​នៃ​សាសន៍​ទាំង​ប៉ុន្មាន ក្រោក​ពី​បល្ល័ង្ក​របស់​គេ