3 ចូរជួយប្រឹក្សា ហើយសំរេចសេចក្ដីយុត្តិធម៌ចុះ ចូរធ្វើឲ្យស្រមោលឯងបានដូចជាពេលយប់ នៅវេលាថ្ងៃត្រង់ ចូរបំពួនពួកអ្នកដែលត្រូវពង្រាត់ចេញពីស្រុក ហើយកុំឲ្យក្បត់ពួកអ្នករត់យោងខ្លួនឡើយ
4 ចូរឲ្យពួករបស់អញ ដែលត្រូវពង្រាត់នោះ បានអាស្រ័យនៅជាមួយនឹងឯងចុះ ចំណែកពួកម៉ូអាប់ ចូរឲ្យឯងធ្វើជាទីគ្របបាំងឲ្យគេបានពួនរួចពីអ្នកបំផ្លាញ ទាល់តែពួករឹបជាន់បានសូន្យបាត់ទៅ ការបំផ្លាញបានឈប់ស្ងប់ ហើយពួកញាំញីបានអន្តរធានចេញពីស្រុកអស់ទៅ
5 នោះនឹងមានបល្ល័ង្ក១ តាំងឡើងដោយសេចក្ដីសប្បុរស ហើយស្តេច១អង្គក្នុងពូជពង្សរបស់ដាវីឌនឹងគង់លើបល្ល័ង្កនោះ ដោយសេចក្ដីពិត ទាំងជំនុំជំរះ ហើយរកសំរេចសេចក្ដីយុត្តិធម៌ ជាអ្នកដែលរហ័សនឹងធ្វើតាមសេចក្ដីសុចរិត។
6 យើងបានឮនិយាយ ពីសេចក្ដីអំនួតរបស់សាសន៍ម៉ូអាប់ថា គេជាអ្នកអួតអាងណាស់ គឺពីសេចក្ដីឆ្មើងឆ្មៃ សេចក្ដីអំនួត និងសេចក្ដីក្រេវក្រោធរបស់គេផង តែការអួតអាងរបស់គេជាអសារឥតការទទេ
7 ហេតុនោះបានជាសាសន៍ម៉ូអាប់នឹងយំពិលាបចំពោះសាសន៍របស់ខ្លួន គ្រប់គ្នានឹងទ្រហោយំ ឯងរាល់គ្នានឹងយំស្តាយ ចំពោះផែនទំពាំងបាយជូរនៃក្រុងគារ-ហារ៉ាសែត ដោយចិត្តក្តួលក្តុក
8 ដ្បិតចំការនៃក្រុងហែសបូន សុទ្ធតែស្រពោនទៅ ព្រមទាំងដើមទំពាំងបាយជូរនៃក្រុងស៊ីបម៉ាដែរ ពួកចៅហ្វាយនៃសាសន៍ដទៃទាំងប៉ុន្មាន គេបានកាច់បំបាក់ខ្នែងល្អបំផុត ដែលបានលូតរហូតដល់ក្រុងយ៉ាស៊ើរ ហើយវារប្រទាក់ទៅក្នុងទីរហោស្ថាន លំពង់ក៏លូតទៅតែពាស កាត់ទាំងសមុទ្រផង
9 ដូច្នេះ អញនឹងយំចំពោះដើមទំពាំងបាយជូរនៃក្រុងស៊ីបម៉ា ដូចជាការយំរបស់ពួកយ៉ាស៊ើរដែរ ឱក្រុងហែសបូន និងក្រុងអេលាលេអើយ អញនឹងស្រោចឯងដោយទឹកភ្នែក ដ្បិតសូរសំរែករបស់សឹកសង្គ្រាមបានធ្លាក់មកចំនឹងការប្រមូលផល និងការច្រូតកាត់របស់ឯងហើយ