1 នេះសេចក្ដីទំនាយយ៉ាងធ្ងន់ពីក្រុងដាម៉ាស។មើល គេដកក្រុងដាម៉ាសចេញពីដំណែងជាទីក្រុងទៅ ហើយនឹងត្រូវត្រឡប់ជាគំនរបំណែកទទេ
2 មនុស្សទាំងឡាយ រត់ចោលអស់ទាំងទីក្រុងនៃស្រុកអារ៉ូអ៊ើរហើយ ទីក្រុងទាំងនោះនឹងបានសំរាប់ជាទីឃ្វាលហ្វូងចៀម ដែលនឹងដេកទៅ ឥតមានអ្នកណាបង្អើលវាឡើយ
3 ឯបន្ទាយនឹងបាត់ចេញពីស្រុកអេប្រាអិមទៅ ព្រមទាំងរាជអំណាចពីក្រុងដាម៉ាស និងពីសំណល់សាសន៍ស៊ីរីផង គេនឹងត្រូវហិនហោច ដូចជាសិរីល្អរបស់ពួកកូនចៅអ៊ីស្រាអែលដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ។
4 នៅគ្រានោះ សិរីល្អរបស់ពួកយ៉ាកុបនឹងអន់ថយទៅ ហើយសាច់ធាត់ធំរបស់គេ នឹងត្រឡប់ជាស្គាំងស្គមទៅវិញ
5 ដំណើរនោះនឹងបានដូចជាកាលអ្នកចំរូតកំពុងត្រកងស្រូវនៅដៃ រួចច្រូតកាត់ទៅ អើ នឹងបានដូចកាលគេច្រូតសន្សំនៅក្នុងច្រកភ្នំរេផែម
6 នឹងមានផលខ្លះសល់នៅដែរ ដូចជាកាលគេអង្រួនដើមអូលីវ គង់តែមានផ្លែ២ ឬ៣នៅលើចុងមែកដែលខ្ពស់បំផុត ហើយ៤ ឬ៥នៅមែកសំយាយនៃដើមណាដែលមានផ្លែច្រើន នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល
7 នៅគ្រានោះមនុស្សទាំងពួងនឹងបែរជាមើលទៅ រកព្រះដែលបានបង្កើតខ្លួនមក ហើយភ្នែករបស់គេ នឹងមើលចំទៅឯព្រះដ៏បរិសុទ្ធ នៃសាសន៍អ៊ីស្រាអែល