5 ដំណើរនោះនឹងបានដូចជាកាលអ្នកចំរូតកំពុងត្រកងស្រូវនៅដៃ រួចច្រូតកាត់ទៅ អើ នឹងបានដូចកាលគេច្រូតសន្សំនៅក្នុងច្រកភ្នំរេផែម
6 នឹងមានផលខ្លះសល់នៅដែរ ដូចជាកាលគេអង្រួនដើមអូលីវ គង់តែមានផ្លែ២ ឬ៣នៅលើចុងមែកដែលខ្ពស់បំផុត ហើយ៤ ឬ៥នៅមែកសំយាយនៃដើមណាដែលមានផ្លែច្រើន នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល
7 នៅគ្រានោះមនុស្សទាំងពួងនឹងបែរជាមើលទៅ រកព្រះដែលបានបង្កើតខ្លួនមក ហើយភ្នែករបស់គេ នឹងមើលចំទៅឯព្រះដ៏បរិសុទ្ធ នៃសាសន៍អ៊ីស្រាអែល
8 គេនឹងលែងមើលទៅរកអាសនាជាស្នាដៃរបស់ខ្លួនគេ ក៏មិនមើលចំទៅឯរូបព្រះ ឬរូបព្រះអាទិត្យដែលម្រាមដៃគេបានធ្វើទៀតឡើយ
9 នៅគ្រានោះ ទីក្រុងមាំមួនរបស់គេ នឹងត្រឡប់ដូចជាអស់ទាំងទីចោលស្ងាត់នៅក្នុងព្រៃ ហើយនៅលើកំពូលភ្នំ ជាកន្លែងដែលគេបោះបង់ចោល នៅចំពោះមុខពួកកូនចៅអ៊ីស្រាអែល ហើយទីនោះនឹងនៅស្ងាត់ឈឹង
10 ពីព្រោះឯងបានភ្លេចព្រះដែលជួយសង្គ្រោះឯង ហើយមិនបាននឹកចាំពីព្រះដ៏ជាថ្មដានៃកំឡាំងឯង ហេតុនោះបានជាឯងដាំដំណាំដែលគាប់ចិត្តឯង ព្រមទាំងផ្សាំមែកប្លែកៗផង
11 នៅថ្ងៃដែលឯងដាំនោះ ក៏បានធ្វើរបងជុំវិញ ហើយព្រឹកឡើង ឯងបានធ្វើឲ្យពូជឯងបែកចេញជាប៉ិច តែឯចំរូតវិញ នោះនឹងរំលងបាត់ទៅក្នុងគ្រាមានទុក្ខវេទនា ហើយសង្រេងយ៉ាងសហ័ស។