14 ព្រះយេហូវ៉ាទ្រង់បានបណ្តោយឲ្យមានគំនិតទទឹងទទែងលាយនៅក្នុងពួកគេ ហើយគេបាននាំសាសន៍អេស៊ីព្ទឲ្យធ្វើខុសក្នុងគ្រប់ទាំងកិច្ចការរបស់គេ ដូចជាមនុស្សស្រវឹងស្រាដែលដើរទ្រេតទ្រោតក្នុងកំអួតរបស់ខ្លួន
15 ហើយនឹងគ្មានការអ្វីសំរាប់ឲ្យសាសន៍អេស៊ីព្ទធ្វើ ដែលទោះជាក្បាល ឬកន្ទុយ ជាមែក ឬធាង នឹងអាចធ្វើបាន នោះឡើយ។
16 នៅគ្រានោះ សាសន៍អេស៊ីព្ទនឹងបានដូចជាស្រីៗ គេនឹងញ័ររន្ធត់ ហើយតក់ស្លុត ដោយព្រោះការជន្លព្រះហស្តរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ ដែលទ្រង់ជន្លពីលើគេ
17 ហើយស្រុកយូដានឹងត្រឡប់ជាទីស្ញែងខ្លាចដល់សាសន៍អេស៊ីព្ទ អស់អ្នកណាដែលឮនិយាយពីស្រុកនោះនឹងភ័យខ្លាច ដោយព្រោះគំនិតដែលព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បានសំរេចពីដំណើរស្រុកនោះហើយ។
18 នៅគ្រានោះ នឹងមានទីក្រុង៥នៅក្នុងស្រុកអេស៊ីព្ទ ដែលនិយាយភាសារបស់ស្រុកកាណាន គេនឹងស្បថដល់ព្រះយេហូវ៉ានៃពួកពលបរិវារដែរ ឯទីក្រុង១នោះ នឹងបានហៅថាក្រុងដែលត្រូវវិនាស។
19 នៅគ្រានោះ នឹងមានអាសនា១នៅកណ្តាលស្រុកអេស៊ីព្ទ សំរាប់បូជាថ្វាយដល់ព្រះយេហូវ៉ា ហើយនៅត្រង់ព្រំដែននឹងមានបង្គោល១ សំរាប់រំឭកពីព្រះយេហូវ៉ា
20 ឯបង្គោលនោះនឹងជាទីសំគាល់ ហើយជាបន្ទាល់ពីព្រះយេហូវ៉ានៃពួកពលបរិវារ នៅក្នុងស្រុកអេស៊ីព្ទ ដ្បិតគេនឹងអំពាវនាវដល់ព្រះយេហូវ៉ា ដោយព្រោះពួកអ្នកដែលសង្កត់សង្កិនគេ ហើយទ្រង់នឹងចាត់ម្នាក់ឲ្យទៅជួយសង្គ្រោះគេ ជាអ្នកមានសក្តិធំ ដែលនឹងជួយឲ្យគេរួចបាន