អេសាយ 19:18-24 KHOV

18 នៅ​គ្រា​នោះ នឹង​មាន​ទី​ក្រុង​៥​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដែល​និយាយ​ភាសា​របស់​ស្រុក​កាណាន គេ​នឹង​ស្បថ​ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ដែរ ឯ​ទី​ក្រុង​១​នោះ នឹង​បាន​ហៅ​ថា​ក្រុង​ដែល​ត្រូវ​វិនាស។

19 នៅ​គ្រា​នោះ នឹង​មាន​អាស‌នា​១​នៅ​កណ្តាល​ស្រុក​អេស៊ីព្ទ សំរាប់​បូជា​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​នៅ​ត្រង់​ព្រំ‌ដែន​នឹង​មាន​បង្គោល​១ សំរាប់​រំឭក​ពី​ព្រះ‌យេហូវ៉ា

20 ឯ​បង្គោល​នោះ​នឹង​ជា​ទី​សំគាល់ ហើយ​ជា​បន្ទាល់​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដ្បិត​គេ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​គេ ហើយ​ទ្រង់​នឹង​ចាត់​ម្នាក់​ឲ្យ​ទៅ​ជួយ​សង្គ្រោះ​គេ ជា​អ្នក​មាន​សក្តិ​ធំ ដែល​នឹង​ជួយ​ឲ្យ​គេ​រួច​បាន

21 ព្រះ‌យេហូវ៉ា ទ្រង់​នឹង​សំដែង​អង្គ​ដល់​ស្រុក​អេស៊ីព្ទ ឲ្យ​គេ​ស្គាល់ ហើយ​នៅ​គ្រា​នោះ សាសន៍​អេស៊ីព្ទ​នឹង​ទទួល​ស្គាល់​ព្រះ‌យេហូវ៉ា អើ គេ​នឹង​ថ្វាយ‌បង្គំ ដោយ​យញ្ញ‌បូជា និង​ដង្វាយ ហើយ​គេ​នឹង​បន់​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​លា​បំណន់​នោះ​ដែរ

22 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រហារ​ស្រុក​អេស៊ីព្ទ គឺ​ទាំង​ប្រហារ ហើយ​មើល​ឲ្យ​ជា​ផង រួច​គេ​នឹង​វិល​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ ហើយ​ទ្រង់​នឹង​ទទួល​ពាក្យ​អង្វរ​របស់​គេ ព្រម​ទាំង​ប្រោស​គេ​ឲ្យ​ជា​ដែរ។

23 នៅ​គ្រា​នោះ នឹង​មាន​ថ្នល់​១ ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ​ដល់​ស្រុក​អាស‌ស៊ើរ ឯ​សាសន៍​អាស‌ស៊ើរ គេ​នឹង​មក​ឯ​ស្រុក​អេស៊ីព្ទ ហើយ​សាសន៍​អេស៊ីព្ទ នឹង​ទៅ​ឯ​ស្រុក​អាស‌ស៊ើរ​ដែរ ពួក​សាសន៍​អេស៊ីព្ទ​នឹង​ថ្វាយ‌បង្គំ​ជា​មួយ​នឹង​ពួក​សាសន៍​អាស‌ស៊ើរ។

24 នៅ​គ្រា​នោះ សាសន៍​អ៊ីស្រា‌អែល នឹង​ជា​សាសន៍​ទី​៣​សម្ពន្ធ​គ្នា​ជា​១​នឹង​សាសន៍​អេស៊ីព្ទ ហើយ​នឹង​សាសន៍​អាស‌ស៊ើរ គឺ​ជា​ទី​បញ្ចេញ​ពរ នៅ​កណ្តាល​ផែនដី