2 អញក៏នឹងញុះញង់ពួកសាសន៍អេស៊ីព្ទឲ្យទាស់ទែងនឹងគ្នាឯងដែរ គេនឹងច្បាំងគ្នានឹងគ្នា គឺបងប្អូននឹងបងប្អូន ពួកអ្នកជិតខាងនឹងអ្នកជិតខាង ទីក្រុង១នឹងទីក្រុង១ទៀត ហើយនគរ១នឹងនគរ១ទៀតដែរ
3 គំនិតរបស់សាសន៍អេស៊ីព្ទ នឹងសូន្យបាត់នៅកណ្តាលគេ ហើយអញនឹងបំផ្លាញសេចក្ដីប្រឹក្សារបស់គេដែរ នោះគេនឹងទៅរករូបព្រះ គ្រូសន្ធាប់ គ្រូខាប និងពួកគ្រូគាថារបស់គេ
4 ហើយអញនឹងប្រគល់សាសន៍អេស៊ីព្ទទៅក្នុងកណ្តាប់ដៃនៃម្ចាស់១យ៉ាងសាហាវ ជាស្តេចគួរស្ញែងខ្លាចដែលនឹងសោយរាជ្យលើគេ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ។
5 ឯទឹកក្នុងសមុទ្រ នោះនឹងរីងស្ងួតទៅ ហើយទន្លេនឹងជ្រាបបាត់ទៅជាហួតហែងវិញ
6 ដៃទន្លេទាំងប៉ុន្មាននឹងធុំស្អុយ ហើយព្រែកទាំងពួងនៃស្រុកអេស៊ីព្ទនឹងអន់ថយ ហើយរីងស្ងួតទៅ ឯដើមបបុស និងដើមត្រែងនឹងស្វិតក្រៀម
7 បណ្តាវាលតាមទន្លេ ហើយនៅមាត់ច្រាំង និងស្រែទាំងប៉ុន្មានដែលគេសាបព្រោះតាមមាត់ទន្លេ នោះនឹងក្រៀម ហើយផាត់បាត់ទៅ
8 ពួកអ្នកនេសាទនឹងថ្ងូរស្តាយ ឯពួកអ្នកដែលបោះសន្ទូចក្នុងទន្លេ នឹងស្រណោះស្រណោក ហើយពួកអ្នកដែលបង់សំណាញ់នៅលើទឹក គេនឹងរីងរៃទៅ