អេសាយ 19:4-10 KHOV

4 ហើយ​អញ​នឹង​ប្រគល់​សាសន៍​អេស៊ីព្ទ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ម្ចាស់​១​យ៉ាង​សាហាវ ជា​ស្តេច​គួរ​ស្ញែង‌ខ្លាច​ដែល​នឹង​សោយ‌រាជ្យ​លើ​គេ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

5 ឯ​ទឹក​ក្នុង​សមុទ្រ នោះ​នឹង​រីង​ស្ងួត​ទៅ ហើយ​ទន្លេ​នឹង​ជ្រាប​បាត់​ទៅ​ជា​ហួត‌ហែង​វិញ

6 ដៃ​ទន្លេ​ទាំង​ប៉ុន្មាន​នឹង​ធុំ​ស្អុយ ហើយ​ព្រែក​ទាំង​ពួង​នៃ​ស្រុក​អេស៊ីព្ទ​នឹង​អន់​ថយ ហើយ​រីង​ស្ងួត​ទៅ ឯ​ដើម​បបុស និង​ដើម​ត្រែង​នឹង​ស្វិត​ក្រៀម

7 បណ្តា​វាល​តាម​ទន្លេ ហើយ​នៅ​មាត់​ច្រាំង និង​ស្រែ​ទាំង​ប៉ុន្មាន​ដែល​គេ​សាប‌ព្រោះ​តាម​មាត់​ទន្លេ នោះ​នឹង​ក្រៀម ហើយ​ផាត់​បាត់​ទៅ

8 ពួក​អ្នក​នេសាទ​នឹង​ថ្ងូរ​ស្តាយ ឯ​ពួក​អ្នក​ដែល​បោះ​សន្ទូច​ក្នុង​ទន្លេ នឹង​ស្រណោះ‌ស្រណោក ហើយ​ពួក​អ្នក​ដែល​បង់​សំណាញ់​នៅ​លើ​ទឹក គេ​នឹង​រីងរៃ​ទៅ

9 ១​ទៀត​ពួក​អ្នក​ដែល​រក​ស៊ី​ធ្វើ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ហើយ​ពួក​ដែល​ត្បាញ​សំពត់​ស គេ​នឹង​ត្រូវ​ស្រឡាំង‌កាំង

10 គោល​ចារឹក​ទាំង​ប៉ុន្មាន​នៃ​ស្រុក​នឹង​ត្រូវ​រលាយ​ខ្ទេច​ទៅ ហើយ​ពួក​ជើង​ឈ្នួល​នឹង​ស្លុត​ចិត្ត។