អេសាយ 2:12-18 KHOV

12 ដ្បិត​នឹង​មាន​ថ្ងៃ​១​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មក​លើ​គ្រប់​ទាំង​ឫក​ខ្ពស់ និង​ចិត្ត​ឆ្មើង‌ឆ្មៃ ព្រម​ទាំង​លើ​គ្រប់​ទាំង​អស់​ដែល​បាន​លើក​ឡើង​ផង ហើយ​នោះ​នឹង​ត្រូវ​បន្ទាប​ចុះ​វិញ

13 គឺ​មក​លើ​អស់​ទាំង​ដើម​តាត្រៅ​នៅ​ភ្នំ​ល្បាណូន ដែល​ខ្ពស់ ហើយ​ដំកើង​ឡើង និង​លើ​គ្រប់​ទាំង​ដើម​ម៉ៃសាក់ នៅ​ស្រុក​បាសាន​ដែរ

14 មក​លើ​អស់​ទាំង​ភ្នំ​ខ្ពស់ និង​ភ្នំ​តូចៗ​ដែល​បាន​ដំកើង​ឡើង

15 មក​លើ​អស់​ទាំង​ប៉ម​យ៉ាង​ខ្ពស់ និង​កំផែង​មាន​គ្រឿង​ចំបាំង

16 និង​លើ​អស់​ទាំង​នាវា​ស្រុក​តើស៊ីស ហើយ​លើ​អ្វីៗ​ទាំង​អស់​ដែល​គាប់​ដល់​ភ្នែក​ដែរ

17 នោះ​សណ្ឋាន​ខ្ពស់​របស់​មនុស្ស នឹង​ត្រូវ​បង្អោន​ទាប ឯ​សេចក្ដី​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស ក៏​នឹង​ត្រូវ​បន្ទាប​ចុះ នៅ​គ្រា​នោះ នឹង​មាន​តែ​ព្រះ‌យេហូវ៉ា​១​អង្គ​ប៉ុណ្ណោះ​ទេ ដែល​នឹង​បាន​ដំកើង​ឡើង

18 អស់​ទាំង​រូប​ព្រះ​នឹង​សាប‌សូន្យ​បាត់​ទៅ​អស់​រលីង