អេសាយ 22:12-18 KHOV

12 នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ហៅ​ឯង​រាល់​គ្នា ឲ្យ​មក​យំ ឲ្យ​មក​សោយ‌សោក កោរ​សក់ ហើយ​ស្លៀក​សំពត់​ធ្មៃ

13 តែ​មើល មាន​សុទ្ធ​តែ​អំណរ ហើយ​រីក‌រាយ​វិញ ជា​ការ​សំឡាប់​គោ និង​ចៀម ស៊ី​សាច់ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ដោយ​ពោល​ថា ចូរ​យើង​ស៊ី​ហើយ​ផឹក​ទៅ ដ្បិត​នៅ​ថ្ងៃ​ស្អែក​នេះ​យើង​ត្រូវ​ស្លាប់​ហើយ

14 នោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​បើក​សំដែង​អង្គ​ទ្រង់​នៅ​ត្រចៀក​ខ្ញុំ​ថា ពិត​ប្រាកដ​ជា​សេចក្ដី​ទុច្ចរិត​នេះ នឹង​មិន​បាន​អត់​ទោស​ឲ្យ​ឯង​រាល់​គ្នា​ឡើយ ដរាប​ដល់​ឯង​រាល់​គ្នា​ស្លាប់​បង់ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

15 ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ទៅ​រក​អ្នក​ឧកញ៉ា​នោះ​ចុះ គឺ​សេបណា ដែល​ត្រួត‌ត្រា​លើ​ព្រះ‌រាជ‌ដំណាក់ ហើយ​សួរ​ថា

16 ឯង​មាន​ការ​អ្វី​នៅ​ទី​នេះ តើ​មាន​ញាតិ‌សន្តាន​ណា​នៅ​ទី​នេះ បាន​ជា​ឯង​ធ្វើ​ម៉ុង​សំរាប់​ខ្លួន​ដូច្នេះ ដូច​ជា​អ្នក​ណា​ដែល​ធ្វើ​ម៉ុង​សំរាប់​ខ្លួន​នៅ​លើ​ទី​ខ្ពស់ គឺ​ដាប់​ទី​លំនៅ​សំរាប់​ខ្លួន​នៅ​ក្នុង​ថ្ម

17 មើល ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បោះ​ឯង​ចោល​ទៅ​ដោយ​កំឡាំង អើ ទ្រង់​នឹង​រុំ​ឯង​យ៉ាង​ជិត

18 ទ្រង់​នឹង​រុំ​ឆ្វាក់​ឯង​ជា​ពិត ហើយ​បោះ​ឯង​ទៅ​ក្នុង​ស្រុក​១​ធំ​ទូលាយ ដូច​ជា​គេ​បោះ​របុំ​អំបោះ ឯង​នឹង​ស្លាប់​នៅ​ទី​នោះ​វិញ គឺ​នៅ​ទី​នោះ ដែល​នឹង​មាន​រទេះ​ដ៏​រុងរឿង​របស់​ឯង ឱ​អ្នក​ដែល​នាំ​ឲ្យ​ព្រះ‌រាជ‌វង្ស​នៃ​ចៅ‌ហ្វាយ​ខ្លួន​មាន​សេចក្ដី​ខ្មាស​អើយ