1 នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរក្រុងទីរ៉ុស។នែ ពួកនាវាតើស៊ីសអើយ ចូរស្រែកទ្រហោយំចុះ ពីព្រោះទីក្រុងឯងត្រូវបំផ្លាញហើយ ទាល់តែគ្មានផ្ទះណាសល់នៅ ឬផ្លូវណាចូលទៅបានឡើយ ដំណឹងនោះបានសំដែងឲ្យគេដឹងនៅត្រង់ស្រុកគីទីម
2 អស់ពួកអ្នកនៅតាមឆ្នេរសមុទ្រ ដែលបានស្បៀងគ្រប់គ្រាន់ ដោយសារពួកឈ្មួញពីក្រុងស៊ីដូន ដែលលក់ដូរតាមផ្លូវសមុទ្រអើយ ចូរស្ងៀមនៅចុះ
3 ទីក្រុងរបស់ឯងបានកំរៃ ដោយសារស្រូវពីស្រុកស៊ីហោរ ជាចំរូតនៃស្រុកក្បែរទន្លេធំ ដែលគេដឹកមកតាមផ្លូវសមុទ្រ ទីក្រុងនោះក៏ជាផ្សារសំរាប់គ្រប់ទាំងសាសន៍
4 ឱក្រុងស៊ីដូនអើយ ចូរមានសេចក្ដីខ្មាសចុះ ដ្បិតសមុទ្របានពោលហើយ គឺទីមាំមួននៃសមុទ្របានថា អញមិនបានឈឺចាប់ ឬសំរាលកូនឡើយ ក៏មិនបានចិញ្ចឹមមនុស្សកំឡោះ ឬស្រីក្រមុំដែរ