11 ព្រះទ្រង់បានលូកព្រះហស្តទៅលើសមុទ្រ ទ្រង់បានអង្រួនគ្រប់ទាំងនគរ ព្រះយេហូវ៉ា ទ្រង់បានបង្គាប់ពីដំណើរស្រុកកាណានថា ត្រូវឲ្យបំផ្លាញក្រុងមាំមួនរបស់គេ
12 ហើយទ្រង់មានព្រះបន្ទូលថា ឱកូនក្រមុំនៃក្រុងស៊ីដូនដែលត្រូវសង្កត់សង្កិនអើយ ឯងនឹងមិនរីករាយសប្បាយទៀតទេ ចូរក្រោកឡើងឆ្លងទៅឯស្រុកគីទីមចុះ តែនៅទីនោះ គង់តែមិនបានស្រាកស្រាន្តដែរ។
13 មើលន៏ ស្រុករបស់សាសន៍ខាល់ដេ ពួកនោះមិនមែនជាសាសន៍ណាទេ ទាល់តែពួកអាសស៊ើរបានតាំងនគរឡើង ឲ្យពួកអ្នកដែលនៅទីរហោស្ថាននោះ គេបានដំឡើងប៉មរបស់គេ ហើយបានរំលំអស់ទាំងដំណាក់នៃក្រុងទីរ៉ុស ទាំងបំផ្លាញអស់រលីងទៅ
14 ឱពួកនាវាតើស៊ីសអើយ ចូរស្រែកទ្រហោយំចុះ ពីព្រោះទីមាំមួនរបស់ឯងបានត្រូវបំផ្លាញហើយ
15 នៅគ្រានោះ មនុស្សនឹងភ្លេចក្រុងទីរ៉ុសគ្រប់៧០ឆ្នាំ តាមព្រះជន្មនៃស្តេច១អង្គ លុះផុតពី៧០ឆ្នាំហើយ នោះនឹងកើតដល់ក្រុងទីរ៉ុស ដូចជាសេចក្ដីដែលថ្លែងប្រាប់ក្នុងបទចំរៀងរបស់ស្រីសំផឹង
16 ឱស្រីសំផឹងដែលគេភ្លេចអើយ ចូរកាន់ស៊ុងដើរចុះឡើងក្នុងទីក្រុង ហើយលេងភ្លេងយ៉ាងពីរោះចុះ ព្រមទាំងច្រៀងឡើងជាច្រើនបទផង ដើម្បីឲ្យគេនឹកចាំពីឯងឡើងវិញ
17 លុះដល់ផុត៧០ឆ្នាំ នោះព្រះយេហូវ៉ាទ្រង់នឹងប្រោសក្រុងទីរ៉ុស ហើយក្រុងនោះនឹងត្រឡប់ទៅឯការស៊ីឈ្នួល ដូចដើមវិញ ព្រមទាំងធ្វើសំផឹងនឹងគ្រប់ទាំងនគររបស់លោកីយ៍ ដែលនៅលើផែនដីផង