អេសាយ 24:13-19 KHOV

13 ដ្បិត​នៅ​ក្នុង​បណ្តា‌ជន‌ជាតិ​ដែល​នៅ​កណ្តាល​ផែនដី នឹង​ត្រូវ​បាន​ដូច្នោះ ដូច​ជា​ការ​អង្រួន​ដើម​អូលីវ ហើយ​ដូច​ការ​បេះ​សន្សំ​ផ្លែ​ទំពាំង‌បាយ‌ជូរ ក្រោយ​ដែល​បេះ​រួច​ពី​ជាន់​ដើម​ជា​ស្រេច​ហើយ។

14 ពួក​អ្នក​ទាំង​នេះ​នឹង​បន្លឺ​ឡើង ហើយ​ស្រែក​ដោយ​អំណរ គេ​នឹង​ស្រែក​ឡើង​ជា​ខ្លាំង​ពី​ខាង​សមុទ្រ ដោយ​ព្រោះ​ឫទ្ធា‌នុភាព​នៃ​ព្រះ‌យេហូវ៉ា

15 ដូច្នេះ​ចូរ​លើក​ដំកើង​ព្រះ‌យេហូវ៉ា​នៅ​ទិស​ខាង​កើត​ដែរ គឺ​លើក​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នៅ​ស្រុក​ក្បែរ​សមុទ្រ

16 យើង​បាន​ឮ​បទ​ចំរៀង​មក​ពី​ចុង​ផែនដី​បំផុត​ថា សិរី​សួស្តី​ចូរ​មាន​ដល់​ព្រះ​ដ៏​សុចរិត តែ​ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​កំពុង​តែ​រីងរៃ​ទៅ វរ‌ហើយ​ខ្ញុំៗ​កំពុង​តែ​រីងរៃ​ទៅ ពួក​មនុស្ស​ឧបាយ គេ​បាន​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​របស់​គេ អើ ពួក​មនុស្ស​ឧបាយ គេ​បាន​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​ជា​ខ្លាំង

17 ឱ​មនុស្ស​នៅ​ផែនដី​អើយ សេចក្ដី​តក់‌ស្លុត រណ្តៅ និង​អន្ទាក់​គ្រប​លើ​ឯង​ហើយ

18 ដូច្នេះ​អ្នក​ណា​ដែល​រត់​ពី​សូរ​ដែល​នាំ​ឲ្យ​តក់‌ស្លុត នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ ហើយ​អ្នក​ណា​ដែល​ឡើង​រួច​ពី​រណ្តៅ នោះ​នឹង​ជាប់​អន្ទាក់​វិញ ពី​ព្រោះ​បង្អួច​នៅ​ស្ថាន​លើ​បាន​បើក​ចំហ​ហើយ ឯ​ឫស​ផែនដី​ក៏​ញាប់‌ញ័រ​ដែរ

19 ឯ​ផែនដី​ត្រូវ​បែក​បាក់​អស់​រលីង ផែនដី​ត្រូវ​អង្រួន​ជា​ខ្លាំង