អេសាយ 24:5-11 KHOV

5 ផែនដី​ត្រូវ​ស្មោក‌គ្រោក​ដោយ‌សារ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ពី​ព្រោះ​គេ​បាន​រំលង​អស់​ទាំង​ក្រឹត្យ‌ក្រម គេ​បាន​ធ្វើ​ខុស​នឹង​ច្បាប់​ទាំង​ប៉ុន្មាន ហើយ​ផ្តាច់​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​ចេញ

6 ហេតុ​ដូច្នោះ​បាន​ជា​សេចក្ដី​បណ្តាសា​បាន​លេប​ស៊ី​ផែនដី ហើយ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ក៏​មាន​ទោស​ទាំង​អស់​គ្នា បាន​ជា​ពួក​អ្នក​អាស្រ័យ​នៅ​នោះ គេ​ត្រូវ​ឆេះ​អស់​រលីង​ទៅ មាន​មនុស្ស​សល់​នៅ​តែ​បន្តិច‌បន្តួច​ទេ

7 ទឹក​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​សោយ‌សោក ហើយ​ដើម​ទំពាំង‌បាយ‌ជូរ​ក៏​ស្វិត​ក្រៀម​ដែរ ឯ​អស់​អ្នក​ដែល​មាន​ចិត្ត​រីក‌រាយ គេ​ដក​ដង្ហើម​ធំ​វិញ

8 ការ​សប្បាយ​ដោយ​វាយ​ក្រាប់​បាន​បាត់‌ឈឹង សំឡេង​របស់​ពួក​អ្នក​ដែល​កំពុង​តែ​រីក‌រាយ​ក៏​ផុត ហើយ​សេចក្ដី​អំណរ​ដោយ​ដេញ​ស៊ុង​ក៏​អស់​ទៅ

9 គេ​នឹង​មិន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ទាំង​ច្រៀង​ទៀត​ឡើយ ឯ​គ្រឿង​ស្រវឹង នឹង​ទៅ​ជា​ល្វីង ដល់​អស់​អ្នក​ដែល​ធ្លាប់​ផឹក

10 ទី​ក្រុង​ដែល​ចោល​ស្ងាត់​នឹង​ត្រូវ​រំលំ‌រំលាង គ្រប់​ទាំង​ផ្ទះ​បាន​បិទ​ទ្វារ មិន​ឲ្យ​មាន​អ្នក​ណា​ចូល​ឡើយ

11 នៅ​តាម​ផ្លូវ​មាន​ឮ​សំឡេង​គេ​ស្រែក​រក​ស្រា​ទំពាំង‌បាយ‌ជូរ សេចក្ដី​អំណរ​ទាំង​អស់​បាន​ងងឹត​ទៅ ហើយ​សេចក្ដី​រីក‌រាយ​នៅ​ក្នុង​ស្រុក​ក៏​បាត់​អស់​ដែរ