10 បើសិនជាធ្វើគុណដល់មនុស្សអាក្រក់ នោះគេក៏មិនរៀនតាមសេចក្ដីសុចរិតដែរ គេនឹងប្រព្រឹត្តសេចក្ដីកំហុសនៅក្នុងស្រុកទៀងត្រង់ផង ឥតដែលពិចារណាមើលឫទ្ធានុភាពនៃព្រះយេហូវ៉ាឡើយ។
11 ឱព្រះយេហូវ៉ាអើយ ព្រះហស្តទ្រង់បានលើកឡើងជាស្រេច តែគេមិនព្រមឃើញទេ ប៉ុន្តែគេនឹងត្រូវឃើញសេចក្ដីឧស្សាហ៍របស់ទ្រង់ចំពោះបណ្តាជនវិញ នោះគេនឹងមានសេចក្ដីខ្មាស ភ្លើងនឹងឆេះបន្សុសពួកខ្មាំងសត្រូវទ្រង់អស់រលីងទៅ
12 ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងតាំងឲ្យមានសេចក្ដីសុខសំរាប់យើងខ្ញុំ ដ្បិតអស់ទាំងការដែលយើងខ្ញុំធ្វើ នោះគឺជាទ្រង់ដែលបានសំរេចការនោះឲ្យយើងខ្ញុំ
13 ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយ ពីដើមមានចៅហ្វាយឯទៀតក្រៅពីទ្រង់ បានត្រួតត្រាលើយើងខ្ញុំ តែឥឡូវនេះដោយសារទ្រង់ នោះយើងខ្ញុំនឹងអំពាវនាវដល់តែព្រះនាមទ្រង់វិញ
14 គេបានស្លាប់អស់ហើយ ឥតរស់មកវិញទៀតឡើយ គេកន្លងបង់ហើយ ឥតងើបឡើងវិញទេ ដូច្នេះទ្រង់បានធ្វើទោស ហើយបំផ្លាញគេ ព្រមទាំងធ្វើឲ្យសេចក្ដីនឹកចាំពីគេសូន្យបាត់ទៅ
15 ទ្រង់បានចំរើនសាសន៍នេះ ឱព្រះយេហូវ៉ាអើយ ទ្រង់បានចំរើនសាសន៍នេះហើយ គេលើកដំកើងទ្រង់ឡើង ទ្រង់បានវាតព្រំស្រុកឲ្យធំទូលាយទៅ។
16 ឱព្រះយេហូវ៉ាអើយ ក្នុងគ្រាដែលមានទុក្ខ នោះគេបានរកទ្រង់ គេបានបញ្ចេញពាក្យអធិស្ឋានជាហូរហែក្នុងកាលដែលទ្រង់វាយផ្ចាលគេ