12 ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងតាំងឲ្យមានសេចក្ដីសុខសំរាប់យើងខ្ញុំ ដ្បិតអស់ទាំងការដែលយើងខ្ញុំធ្វើ នោះគឺជាទ្រង់ដែលបានសំរេចការនោះឲ្យយើងខ្ញុំ
13 ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយ ពីដើមមានចៅហ្វាយឯទៀតក្រៅពីទ្រង់ បានត្រួតត្រាលើយើងខ្ញុំ តែឥឡូវនេះដោយសារទ្រង់ នោះយើងខ្ញុំនឹងអំពាវនាវដល់តែព្រះនាមទ្រង់វិញ
14 គេបានស្លាប់អស់ហើយ ឥតរស់មកវិញទៀតឡើយ គេកន្លងបង់ហើយ ឥតងើបឡើងវិញទេ ដូច្នេះទ្រង់បានធ្វើទោស ហើយបំផ្លាញគេ ព្រមទាំងធ្វើឲ្យសេចក្ដីនឹកចាំពីគេសូន្យបាត់ទៅ
15 ទ្រង់បានចំរើនសាសន៍នេះ ឱព្រះយេហូវ៉ាអើយ ទ្រង់បានចំរើនសាសន៍នេះហើយ គេលើកដំកើងទ្រង់ឡើង ទ្រង់បានវាតព្រំស្រុកឲ្យធំទូលាយទៅ។
16 ឱព្រះយេហូវ៉ាអើយ ក្នុងគ្រាដែលមានទុក្ខ នោះគេបានរកទ្រង់ គេបានបញ្ចេញពាក្យអធិស្ឋានជាហូរហែក្នុងកាលដែលទ្រង់វាយផ្ចាលគេ
17 ឱព្រះយេហូវ៉ាអើយ ស្ត្រីមានគភ៌ដែលហៀបនឹងសំរាល នាងឈឺចាប់ ហើយស្រែកដោយឈឺជាខ្លាំងយ៉ាងណា ឯយើងខ្ញុំក៏ដូច្នោះ នៅចំពោះទ្រង់ដែរ
18 យើងខ្ញុំក៏បានមានភគ៌ យើងខ្ញុំបានឈឺចាប់ តែបានសំរាលចេញជាខ្យល់ទទេ យើងខ្ញុំមិនបានបង្កើតការជួយចំរើនអ្វីនៅផែនដីសោះ ហើយមនុស្សនៅលោកីយ៍ក៏មិនទាន់ដួលនៅឡើយដែរ។