7 សេចក្ដីទៀងត្រង់ជាផ្លូវនៃមនុស្សសុចរិត គឺទ្រង់ ឱព្រះដ៏ទៀងត្រង់អើយ ទ្រង់ពិនិត្យពិចារណាអស់ទាំងផ្លូវច្រករបស់មនុស្សសុចរិត។
8 ហ្នឹងហើយ ឱព្រះយេហូវ៉ាអើយ យើងខ្ញុំបានរង់ចាំទ្រង់ នៅក្នុងផ្លូវនៃសេចក្ដីយុត្តិធម៌របស់ទ្រង់ ព្រលឹងយើងខ្ញុំប្រាថ្នាដល់ព្រះនាមទ្រង់ គឺដល់សេចក្ដីដែលរំឭកពីទ្រង់
9 នៅវេលាយប់ ព្រលឹងនៃទូលបង្គំប្រាថ្នាដល់ទ្រង់ហ្នឹងហើយ វិញ្ញាណនៅក្នុងខ្លួនទូលបង្គំនឹងស្វែងរកទ្រង់ដោយខ្មីឃ្មាតដែរ ដ្បិតកំពុងដែលសេចក្ដីយុត្តិធម៌របស់ទ្រង់នៅលើផែនដី នោះពួកមនុស្សនៅលោកីយ៍ គេរៀនតាមសេចក្ដីសុចរិត
10 បើសិនជាធ្វើគុណដល់មនុស្សអាក្រក់ នោះគេក៏មិនរៀនតាមសេចក្ដីសុចរិតដែរ គេនឹងប្រព្រឹត្តសេចក្ដីកំហុសនៅក្នុងស្រុកទៀងត្រង់ផង ឥតដែលពិចារណាមើលឫទ្ធានុភាពនៃព្រះយេហូវ៉ាឡើយ។
11 ឱព្រះយេហូវ៉ាអើយ ព្រះហស្តទ្រង់បានលើកឡើងជាស្រេច តែគេមិនព្រមឃើញទេ ប៉ុន្តែគេនឹងត្រូវឃើញសេចក្ដីឧស្សាហ៍របស់ទ្រង់ចំពោះបណ្តាជនវិញ នោះគេនឹងមានសេចក្ដីខ្មាស ភ្លើងនឹងឆេះបន្សុសពួកខ្មាំងសត្រូវទ្រង់អស់រលីងទៅ
12 ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងតាំងឲ្យមានសេចក្ដីសុខសំរាប់យើងខ្ញុំ ដ្បិតអស់ទាំងការដែលយើងខ្ញុំធ្វើ នោះគឺជាទ្រង់ដែលបានសំរេចការនោះឲ្យយើងខ្ញុំ
13 ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយ ពីដើមមានចៅហ្វាយឯទៀតក្រៅពីទ្រង់ បានត្រួតត្រាលើយើងខ្ញុំ តែឥឡូវនេះដោយសារទ្រង់ នោះយើងខ្ញុំនឹងអំពាវនាវដល់តែព្រះនាមទ្រង់វិញ