អេសាយ 27:6-12 KHOV

6 នៅ​គ្រា​ខាង​មុខ នោះ​ពួក​យ៉ាកុប​នឹង​ចាក់​ឫស​ទៅ ពួក​អ៊ីស្រា‌អែល​នឹង​ពន្លក​ចេញ​ឡើង ហើយ​គេ​នឹង​បង្កើត​ផល​ផ្សាយ​ទៅ​ពេញ​លើ​ផែនដី។

7 តើ​ទ្រង់​បាន​វាយ​គេ ដូច​ជា​វាយ​សាសន៍១​ដែល​បាន​វាយ​គេ​ដែរ​ឬ តើ​គេ​បាន​ត្រូវ​ប្រហារ​បង់ ដូច​ជា​ការ​ប្រហារ​ដល់​ពួក​អ្នក​ដែល​ទ្រង់​បាន​ប្រហារ​នោះ​ឬ​អី

8 គឺ​ទ្រង់​បាន​ធ្វើ​ទោស​ដល់​គេ តាម​ព្រះ‌ហឫ‌ទ័យ​សន្តោស​វិញ ដោយ​បណ្តេញ​គេ​ទៅ គឺ​ទ្រង់​បាន​ផាត់​គេ​ចេញ ដោយ​ខ្យល់​គំហុក​របស់​ទ្រង់ នៅ​ថ្ងៃ​ដែល​ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក

9 ដូច្នេះ អំពើ​ទុច្ចរិត​របស់​ពួក​យ៉ាកុប​នឹង​បាន​ជំរះ ដោយ​ការ​នោះ​ឯង ហើយ​នេះ​ជា​ផល​ដែល​កើត​ពី​ការ​ដោះ​បាប​គេ​ចេញ គឺ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ថ្ម​ទាំង​ប៉ុន្មាន​នៃ​អាស‌នា​បាន​ដូច​ជា​ដី​ស​ដែល​ត្រូវ​កិន​កំទេច ដើម្បី​ឲ្យ​រូប​ព្រះ​ទាំង​ប៉ុន្មាន និង​រូប​ព្រះ‌អាទិត្យ បាន​ងើប​ឡើង​វិញ​មិន​រួច​ជា​ដរាប

10 ដ្បិត​ទី​ក្រុង​មាន​បន្ទាយ​បាន​ចោល​ស្ងាត់​ទៅ គឺ​ជា​ទី​លំនៅ​ដែល​គេ​លែង​នៅ ព្រម​ទាំង​បោះ‌បង់​ចោល​ហើយ ប្រៀប​ដូច​ជា​ទី​រហោ‌ស្ថាន នៅ​ទី​នោះ​កូន​គោ​នឹង​រក​ស៊ី ហើយ​ដេក​នៅ វា​នឹង​ស៊ី​មែក​ខ្ចី​ដែល​នៅ​ទី​នោះ

11 កាល​ណា​មែក​ស្វិត​ក្រៀម​ទៅ​ហើយ នោះ​នឹង​ត្រូវ​កាច់​ចេញ ហើយ​ពួក​ស្រីៗ​នឹង​មក​ដុត​ចោល ពី​ព្រោះ​ជន‌ជាតិ​នេះ​ឥត​មាន​យោបល់ ហេតុ​ដូច្នេះ ព្រះ​ដែល​បាន​បង្កើត​គេ ទ្រង់​នឹង​មិន​ប្រណី​ដល់​គេ​ឡើយ ព្រះ​ដែល​បាន​សូន​គេ​ឡើង ទ្រង់​នឹង​មិន​ផ្តល់​ព្រះ‌គុណ​ដល់​គេ​សោះ។

12 នៅ​គ្រា​នោះ ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ជំរុះ​ផល​គេ ចាប់​តាំង​ពី​ទឹក​ទន្លេ​រហូត​ដល់​ស្ទឹង​ស្រុក​អេស៊ីព្ទ គ្រា​នោះ​ឯង​រាល់​គ្នា​នឹង​បាន​រួម​មូល​គ្នា​មក​ម្នាក់​ម្តង​ម្នាក់​ម្តង