1 វេទនាដល់មកុដនៃសេចក្ដីអំនួត របស់ពួកប្រមឹកក្នុងពួកអេប្រាអិម ដែលគេយកជាទីអួត ហើយដល់ផ្កាដែលកំពុងតែស្រពោន ជាសេចក្ដីលំអដ៏រុងរឿងរបស់គេ ដែលនៅលើក្បាលច្រកភ្នំដុះដាល របស់ពួកអ្នកដែលស្រវឹងស្រាទំពាំងបាយជូរហើយ
2 មើល ព្រះអម្ចាស់ទ្រង់មានអ្នកខ្លាំងពូកែដ៏មានឫទ្ធិម្នាក់ អ្នកនោះនឹងពង្រាបចុះដល់ដី ដោយអំណាចនៃដៃ ដូចជាព្យុះព្រិល ជាព្យុះសង្ឃរាដែលបំផ្លាញ ហើយដូចជាព្យុះភ្លៀងធំឲ្យទឹកហូរជន់លិច
3 ឯមកុដនៃសេចក្ដីអំនួតរបស់ពួកប្រមឹក ក្នុងពួកអេប្រាអិម ដែលគេយកជាទីអំនួត នោះនឹងត្រូវជាន់ឈ្លីនៅក្រោមជើង
4 ហើយផ្កាដែលកំពុងតែស្រពោន ជាសេចក្ដីលំអដ៏រុងរឿងរបស់គេ ដែលនៅលើក្បាលច្រកភ្នំដុះដាល នោះនឹងបានដូចជាផ្លែល្វាដែលទុំជាដំបូងមុនរដូវក្តៅ ដែលកាលណាគេក្រឡេកទៅឃើញ នោះក៏បេះមកដល់ដៃពមចូលទៅភ្លាម
5 នៅគ្រានោះ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់នឹងជាមកុដដ៏រុងរឿង ហើយជាគ្រឿងលំអដល់សំណល់នៃរាស្ត្រទ្រង់