14 ដូច្នេះ ឱពួកចំអកឡកឡឺយ ដែលគ្រងលើបណ្តាជននៅក្រុងយេរូសាឡិមអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
15 ដោយព្រោះអ្នករាល់គ្នាបានពោលថា យើងរាល់គ្នាបានចុះសញ្ញានឹងសេចក្ដីស្លាប់ ក៏ព្រមព្រៀងគ្នានឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ហើយ កាលណាសេចក្ដីភ័យអន្តរាយដ៏ជន់លិចច្រាំងបានហូរកាត់មក នោះនឹងមិនដល់យើងទេ ពីព្រោះយើងបានពឹងពាក់ដល់សេចក្ដីកុហក ហើយពួនខ្លួនក្នុងសេចក្ដីភូតភរ
16 ហេតុនោះបានជាព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញដាក់ថ្ម១នៅក្រុងស៊ីយ៉ូន ទុកជាជើងជញ្ជាំង ជាថ្មដែលបានល្បងលហើយ ជាថ្មទីជ្រុងដ៏មានដំឡៃដែលបានដាក់យ៉ាងមាំមួន ឯអ្នកណាដែលជឿ នោះមិនត្រូវរួសរាន់ឡើយ
17 អញនឹងយកសេចក្ដីយុត្តិធម៌ធ្វើជាខ្សែបន្ទាត់ ហើយនឹងសេចក្ដីសុចរិតជាកូនតឹង រួចព្យុះព្រិលនឹងបោសរំលីងទីជ្រកនៃសេចក្ដីភូតភរទៅ ហើយទឹកនឹងជន់ឡើង លិចទីពំនួនបង់
18 នោះសេចក្ដីសញ្ញាដែលឯងរាល់គ្នាបានតាំងនឹងសេចក្ដីស្លាប់ ក៏នឹងត្រូវលើកចោលចេញ ហើយការព្រមព្រៀងគ្នានឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះមិនស្ថិតស្ថេរនៅដែរ ដូច្នេះ កាលណាសេចក្ដីអន្តរាយដ៏ជន់លិចច្រាំងបានហូរកាត់មក នោះអ្នករាល់គ្នានឹងត្រូវញាំញីទៅ
19 សេចក្ដីអន្តរាយនោះហូរកាត់មកវេលាណា ក៏នឹងកៀរយកអ្នករាល់គ្នាទៅតែម្តង ដ្បិតរាល់តែព្រឹកនឹងហូរកាត់មក ហើយទាំងថ្ងៃទាំងយប់ផង ការដែលគ្រាន់តែឮដំណឹង នោះនឹងបានជាសេចក្ដីគួរស្ញែងខ្លាចហើយ
20 ដ្បិតគ្រែខ្លីពេក នឹងដេកសណ្តូកខ្លួនមិនបាន ហើយផួយក៏តូចផង មិនល្មមនឹងដណ្តប់ខ្លួនដែរ