អេសាយ 28:17-23 KHOV

17 អញ​នឹង​យក​សេចក្ដី​យុត្តិ‌ធម៌​ធ្វើ​ជា​ខ្សែ​បន្ទាត់ ហើយ​នឹង​សេចក្ដី​សុចរិត​ជា​កូន​តឹង រួច​ព្យុះ​ព្រិល​នឹង​បោស​រំលីង​ទី​ជ្រក​នៃ​សេចក្ដី​ភូត‌ភរ​ទៅ ហើយ​ទឹក​នឹង​ជន់​ឡើង លិច​ទី​ពំនួន​បង់

18 នោះ​សេចក្ដី​សញ្ញា​ដែល​ឯង​រាល់​គ្នា​បាន​តាំង​នឹង​សេចក្ដី​ស្លាប់ ក៏​នឹង​ត្រូវ​លើក​ចោល​ចេញ ហើយ​ការ​ព្រម‌ព្រៀង​គ្នា​នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​មិន​ស្ថិត‌ស្ថេរ​នៅ​ដែរ ដូច្នេះ កាល​ណា​សេចក្ដី​អន្តរាយ​ដ៏​ជន់​លិច​ច្រាំង​បាន​ហូរ​កាត់​មក នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ញាំ‌ញី​ទៅ

19 សេចក្ដី​អន្តរាយ​នោះ​ហូរ​កាត់​មក​វេលា​ណា ក៏​នឹង​កៀរ​យក​អ្នក​រាល់​គ្នា​ទៅ​តែ​ម្តង ដ្បិត​រាល់​តែ​ព្រឹក​នឹង​ហូរ​កាត់​មក ហើយ​ទាំង​ថ្ងៃ​ទាំង​យប់​ផង ការ​ដែល​គ្រាន់​តែ​ឮ​ដំណឹង នោះ​នឹង​បាន​ជា​សេចក្ដី​គួរ​ស្ញែង‌ខ្លាច​ហើយ

20 ដ្បិត​គ្រែ​ខ្លី​ពេក នឹង​ដេក​សណ្តូក​ខ្លួន​មិន​បាន ហើយ​ផួយ​ក៏​តូច​ផង មិន​ល្មម​នឹង​ដណ្តប់​ខ្លួន​ដែរ

21 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ក្រោក​ឈរ​ឡើង ដូច​ជា​នៅ​ត្រង់​ភ្នំ​ពេរ៉ា‌ស៊ីម ទ្រង់​នឹង​មាន​សេចក្ដី​ក្រោធ ដូច​ជា​នៅ​ក្នុង​ច្រក​ភ្នំ​គីបៀន ដើម្បី​ឲ្យ​ទ្រង់​បាន​ធ្វើ​ការ​របស់​ទ្រង់ គឺ​ជា​ការ​យ៉ាង​ប្លែក ហើយ​នឹង​សំរេច​កិច្ច​របស់​ទ្រង់ គឺ​ជា​កិច្ច​យ៉ាង​ប្លែក

22 ដូច្នេះ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​អ្នក​ចំអក​ឡក‌ឡឺយ​ទៀត ក្រែង​ចំណង​របស់​អ្នក​រាល់​គ្នា​ត្រូវ​រឹត‌រួត​កាន់​តែ​ខ្លាំង​ឡើង ព្រោះ​ខ្ញុំ​បាន​ឮ​ពី​ព្រះ‌អម្ចាស់​យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​ថា បាន​សំរេច​ឲ្យ​មាន​ការ​បំផ្លាញ​នៅ​គ្រប់​លើ​ផែនដី​ហើយ។

23 ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​សំឡេង​ខ្ញុំ​ចុះ ចូរ​ផ្ចង់​ចិត្ត​ស្តាប់​ពាក្យ​របស់​ខ្ញុំ