អេសាយ 29:2-8 KHOV

2 នោះ​អញ​នឹង​ធ្វើ​ទុក្ខ​ដល់​អើរាល ហើយ​គេ​នឹង​កើត​មាន​សេចក្ដី​សោយ‌សោក និង​ការ​យំ​ទួញ ឯ​ទី​ក្រុង​នឹង​បាន​ដូច​ជា​ជើង‌ក្រាន​នៃ​អាស‌នា​ដល់​អញ

3 អញ​នឹង​បោះ​ទ័ព​ឡោម‌ព័ទ្ធ​ឯង ព្រម​ទាំង​ដាក់​ទាហាន​បង្ខាំង​នៅ​ជុំវិញ ហើយ​ចាត់‌ចែង​គ្រឿង​ចំបាំង​ច្បាំង​នឹង​ឯង

4 នោះ​ឯង​នឹង​ត្រូវ​បន្ទាប​ចុះ ហើយ​និយាយ​ចេញ​ពី​ដី​មក សំដី​ឯង​នឹង​ឮ​ខ្សាវៗ​មក​ពី​ធូលី​ដី សំឡេង​ឯង​នឹង​ចេញ​ពី​ដី​មក​ដូច​ជា​សំឡេង​របស់​គ្រូ​ខាប គឺ​សំដី​ឯង​នឹង​ឮ​ខ្សឹប​ចេញ​ពី​ធូលី​ដី​មក​យ៉ាង​នោះ​ឯង។

5 ប៉ុន្តែ​ពួក​ខ្មាំង​សត្រូវ​ដ៏​មាន​ច្រើន​ក្រៃលែង​របស់​ឯង នឹង​ដូច​ជា​ផង់​ធូលី​ដី ហើយ​ពួក​គួរ​ស្ញែង‌ខ្លាច​ដ៏​មាន​ច្រើន​ក្រៃលែង គេ​នឹង​ដូច​ជា​អង្កាម​ដែល​កន្លង​បាត់​ទៅ អើ ការ​នោះ​នឹង​កើត​មក​ភ្លាម​១​រំពេច​ផង

6 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​នឹង​ធ្វើ​ទោស​ដល់​ទី​ក្រុង​ដោយ​ផ្គរ កក្រើក​ដី សូរ​គ្រាំ‌គ្រេង ខ្យល់​កួច ព្យុះ​សង្ឃរា និង​អណ្តាត​ភ្លើង​ដែល​ឆេះ​បំផ្លាញ

7 នោះ​ពួក​ដ៏​មាន​ច្រើន​ក្រៃលែង ពី​គ្រប់​ទាំង​សាសន៍​ដែល​ច្បាំង​នឹង​អើរាល គឺ​អស់​អ្នក​ដែល​ច្បាំង​នឹង​ទី​ក្រុង ហើយ​នឹង​បន្ទាយ​ផង ជា​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​ដល់​ទី​ក្រុង គេ​នឹង​ប្រៀប​ដូច​ជា​សប្តិ គឺ​ជា​ការ​ជាក់‌ស្តែង​នៅ​ពេល​យប់​ទេ

8 នោះ​នឹង​បាន​ដូច​ជា​កាល​មនុស្ស​ឃ្លាន គេ​យល់​សប្តិ​ឃើញ​ថា ខ្លួន​បាន​បរិភោគ តែ​លុះ​ភ្ញាក់​ឡើង នោះ​ចិត្ត​នឹក​ឃ្លាន​វិញ ឬ​ដូច​ជា​កាល​ណា​មនុស្ស​ដែល​ស្រេក បាន​យល់​សប្តិ​ឃើញ​ថា ខ្លួន​កំពុង​តែ​ផឹក តែ​គេ​ភ្ញាក់​ឡើង ហើយ​មើល គេ​ល្វើយ ហើយ​ចិត្ត​នឹក​ស្រេក​ណាស់ ឯ​ពួក​ដ៏​មាន​ច្រើន​ក្រៃលែង​ពី​គ្រប់​ទាំង​សាសន៍​ដែល​ច្បាំង​នឹង​ភ្នំ​ស៊ីយ៉ូន គេ​នឹង​ដូច្នោះ​ដែរ។