8 នោះនឹងបានដូចជាកាលមនុស្សឃ្លាន គេយល់សប្តិឃើញថា ខ្លួនបានបរិភោគ តែលុះភ្ញាក់ឡើង នោះចិត្តនឹកឃ្លានវិញ ឬដូចជាកាលណាមនុស្សដែលស្រេក បានយល់សប្តិឃើញថា ខ្លួនកំពុងតែផឹក តែគេភ្ញាក់ឡើង ហើយមើល គេល្វើយ ហើយចិត្តនឹកស្រេកណាស់ ឯពួកដ៏មានច្រើនក្រៃលែងពីគ្រប់ទាំងសាសន៍ដែលច្បាំងនឹងភ្នំស៊ីយ៉ូន គេនឹងដូច្នោះដែរ។
9 ចូរឲ្យអ្នករាល់គ្នានៅជាស្ទាក់ស្ទើរ ហើយភាំងឆ្ងល់ចុះ ចូរឲ្យបិទភ្នែក ហើយធ្វើជាមនុស្សខ្វាក់ទៅ គេស្រវឹង តែមិនមែនដោយស្រាទំពាំងបាយជូរទេ គេទ្រេតទ្រោតទៅ តែមិនមែនដោយគ្រឿងស្រវឹងឡើយ
10 ដ្បិតព្រះយេហូវ៉ាទ្រង់បានចាក់វិញ្ញាណ ដែលបណ្តាលឲ្យលក់ស៊ប់មកលើអ្នករាល់គ្នា ក៏បានបិទភ្នែកអ្នករាល់គ្នា ជាពួកហោរា ហើយបានគ្របភ្ជិតក្បាលអ្នករាល់គ្នា ជាពួកមើលឆុត
11 ការជាក់ស្តែងទាំងអស់បានត្រឡប់ដូចជាពាក្យក្នុងសៀវភៅ ដែលបិទត្រាហើយ ដល់អ្នករាល់គ្នា ជាសៀវភៅដែលគេជូនដល់ម្នាក់មានចំណេះ ដោយពាក្យថា សូមអ្នកមើលសៀវភៅនេះទៅ តែអ្នកនោះឆ្លើយតបថា ខ្ញុំមើលមិនបានទេ ពីព្រោះបិទត្រាហើយ
12 រួចគេបញ្ជូនឲ្យដល់ម្នាក់ដែលគ្មានចំណេះ ដោយពាក្យថា សូមអ្នកមើលសៀវភៅនេះ តែអ្នកនោះឆ្លើយតបមកវិញថា ខ្ញុំមិនចេះអក្សរទេ។
13 ព្រះអម្ចាស់ទ្រង់ក៏មានព្រះបន្ទូលថា ហេតុដោយព្រោះសាសន៍នេះគេចូលមកជិតអញ ហើយគោរពប្រតិបត្តិដល់អញ ដោយសំដី នឹងបបូរមាត់របស់គេ តែបានដកចិត្តចេញទៅឆ្ងាយពីអញ ហើយការដែលគេកោតខ្លាចដល់អញគ្រាន់តែជាបង្គាប់របស់មនុស្ស ដែលបង្រៀនគេប៉ុណ្ណោះ
14 ហេតុនោះ មើល អញនឹងធ្វើការ១យ៉ាងអស្ចារ្យ នៅកណ្តាលសាសន៍នេះទៀត ជាការអស្ចារ្យ ហើយចំឡែក នោះប្រាជ្ញានៃពួកអ្នកប្រាជ្ញរបស់គេនឹងត្រូវសាបសូន្យទៅ ហើយយោបល់នៃពួកវាងវៃរបស់គេនឹងត្រូវបិទបាំងដែរ។