12 ហេតុនោះ ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា ដោយព្រោះឯងរាល់គ្នាស្អប់ខ្ពើមចំពោះពាក្យនេះ ហើយទុកចិត្តនឹងការឆបោក និងការទទឹងទទែង ព្រមទាំងផ្អែកខ្លួនទៅលើការទាំងនោះ
13 បានជាអំពើទុច្ចរិតនេះ នឹងបានដូចជាកំផែងបាក់បែក ដែលហៀបនឹងរលំដល់ឯងរាល់គ្នា ជាកន្លែងទ្រេតក្នុងកំផែងយ៉ាងខ្ពស់ ដែលស្រាប់តែបាក់ចុះមកភ្លាម១រំពេច
14 ហើយទ្រង់នឹងបំបែកទៅ ដូចជាគេបំបែកឆ្នាំងនៃជាងស្មូន គឺនឹងបំបែកឲ្យខ្ទេចខ្ទី ឥតប្រណីឡើយ ទាល់តែរកបំណែកណាមួយល្មមនឹងដាក់រងើកភ្លើងពីជើងក្រាន ឬនឹងដួសយកទឹកពីពាងមិនបានផង។
15 ដ្បិតព្រះអម្ចាស់យេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃពួកអ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា ឯងរាល់គ្នានឹងបានសង្គ្រោះដោយវិលមកវិញ ហើយផ្អាកសំរាក ឯងរាល់គ្នានឹងមានកំឡាំងដោយនៅតែស្ងៀម ហើយមានសេចក្ដីទុកចិត្ត តែឯងរាល់គ្នាមិនចូលចិត្តទេ
16 គឺបានសបឆ្លើយថា ទេ យើងនឹងជិះសេះរត់ទៅ ដូច្នេះ ឯងរាល់គ្នានឹងត្រូវរត់ទៅមែន ហើយឯងថា យើងនឹងជិះសត្វលឿនដែរ ដូច្នេះ គេដែលដេញតាមឯងនឹងបានលឿនដូចគ្នា
17 មួយពាន់នាក់នឹងរត់ទៅ ដោយមានតែម្នាក់កំហែងគេ ហើយបើមាន៥នាក់កំហែង នោះឯងរាល់គ្នានឹងរត់ទៅ ទាល់តែសំណល់នៃឯង បានដូចជាបង្គោលមួយ ដោតនៅលើភ្នំធំ ហើយដូចជាទង់នៅលើភ្នំតូចប៉ុណ្ណោះ។
18 ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់រង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់ឯងរាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែទ្រង់នឹងចាំឯងលើកដំកើងទ្រង់ឡើង ដើម្បីឲ្យទ្រង់មានសេចក្ដីអាណិតមេត្តាដល់ឯង ពីព្រោះព្រះយេហូវ៉ាទ្រង់ជាព្រះដ៏ប្រកបដោយយុត្តិធម៌។មានពរហើយ អស់អ្នកណាដែលរង់ចាំទ្រង់