អេសាយ 30:13-19 KHOV

13 បាន​ជា​អំពើ​ទុច្ចរិត​នេះ នឹង​បាន​ដូច​ជា​កំផែង​បាក់​បែក ដែល​ហៀប​នឹង​រលំ​ដល់​ឯង​រាល់​គ្នា ជា​កន្លែង​ទ្រេត​ក្នុង​កំផែង​យ៉ាង​ខ្ពស់ ដែល​ស្រាប់​តែ​បាក់​ចុះ​មក​ភ្លាម​១​រំពេច

14 ហើយ​ទ្រង់​នឹង​បំបែក​ទៅ ដូច​ជា​គេ​បំបែក​ឆ្នាំង​នៃ​ជាង​ស្មូន គឺ​នឹង​បំបែក​ឲ្យ​ខ្ទេច‌ខ្ទី ឥត​ប្រណី​ឡើយ ទាល់​តែ​រក​បំណែក​ណា​មួយ​ល្មម​នឹង​ដាក់​រងើក​ភ្លើង​ពី​ជើង‌ក្រាន ឬ​នឹង​ដួស​យក​ទឹក​ពី​ពាង​មិន​បាន​ផង។

15 ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ពួក​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​រាល់​គ្នា​នឹង​បាន​សង្គ្រោះ​ដោយ​វិល​មក​វិញ ហើយ​ផ្អាក​សំរាក ឯង​រាល់​គ្នា​នឹង​មាន​កំឡាំង​ដោយ​នៅ​តែ​ស្ងៀម ហើយ​មាន​សេចក្ដី​ទុក​ចិត្ត តែ​ឯង​រាល់​គ្នា​មិន​ចូល​ចិត្ត​ទេ

16 គឺ​បាន​សប​ឆ្លើយ​ថា ទេ យើង​នឹង​ជិះ​សេះ​រត់​ទៅ ដូច្នេះ ឯង​រាល់​គ្នា​នឹង​ត្រូវ​រត់​ទៅ​មែន ហើយ​ឯង​ថា យើង​នឹង​ជិះ​សត្វ​លឿន​ដែរ ដូច្នេះ គេ​ដែល​ដេញ​តាម​ឯង​នឹង​បាន​លឿន​ដូច​គ្នា

17 មួយ​ពាន់​នាក់​នឹង​រត់​ទៅ ដោយ​មាន​តែ​ម្នាក់​កំហែង​គេ ហើយ​បើ​មាន​៥​នាក់​កំហែង នោះ​ឯង​រាល់​គ្នា​នឹង​រត់​ទៅ ទាល់​តែ​សំណល់​នៃ​ឯង បាន​ដូច​ជា​បង្គោល​មួយ ដោត​នៅ​លើ​ភ្នំ​ធំ ហើយ​ដូច​ជា​ទង់​នៅ​លើ​ភ្នំ​តូច​ប៉ុណ្ណោះ។

18 ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះ‌យេហូវ៉ា​ទ្រង់​រង់‌ចាំ​ឱកាស នឹង​ផ្តល់​ព្រះ‌គុណ​ដល់​ឯង​រាល់​គ្នា​ដែរ ហើយ​ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ទ្រង់​នឹង​ចាំ​ឯង​លើក​ដំកើង​ទ្រង់​ឡើង ដើម្បី​ឲ្យ​ទ្រង់​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​ឯង ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដ៏​ប្រកប​ដោយ​យុត្តិ‌ធម៌។មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​រង់‌ចាំ​ទ្រង់

19 អើ ឱ​ជន‌ជាតិ​នៅ​ក្រុង​ស៊ីយ៉ូន ជា​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក្រុង​យេរូ‌សាឡិម​អើយ ឯង​នឹង​មិន​ត្រូវ​យំ​ទៀត​ឡើយ ទ្រង់​នឹង​មាន​ព្រះ‌គុណ​ចំពោះ​ឯង ដោយ​ឮ​សំឡេង​ឯង​ស្រែក​កាល​ណា​ទ្រង់​ឮ នោះ​ទ្រង់​នឹង​ឆ្លើយ​មក​ឯង