អេសាយ 30:20-26 KHOV

20 ហើយ​ទោះ​បើ​ព្រះ‌អម្ចាស់ ទ្រង់​ឲ្យ​ឯង​រាល់​គ្នា​ស៊ី​សេចក្ដី​ទំនាស់​ទុក​ជា​អាហារ ហើយ​ផឹក​សេចក្ដី​រឹប‌ជាន់​ទុក​ជា​ទឹក​ក៏​ដោយ គង់​តែ​ពួក​គ្រូ​របស់​ឯង​មិន​ត្រូវ​លាក់​ពី​ឯង​ទៀត គឺ​ភ្នែក​ឯង​នឹង​ឃើញ​ពួក​គ្រូ​នោះ​វិញ

21 ហើយ​កាល​ណា​ឯង​រាល់​គ្នា​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង នោះ​ត្រចៀក​នឹង​ឮ​ពាក្យ​ពី​ក្រោយ​ឯង​ថា គឺ​ផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ

22 នោះ​ឯង​រាល់​គ្នា​នឹង​រាប់​ប្រាក់​ដែល​ស្រោប​រូប​ឆ្លាក់​របស់​ឯង និង​មាស​ដែល​ស្រោប​រូប​សិត​ឯង ទុក​ជា​របស់​ស្មោក‌គ្រោក​វិញ ឯង​នឹង​បោះ​រូប​ទាំង​នោះ​ចោល​ចេញ ដូច​ជា​កំណាត់​គគ្រក់​ដោយ​ពាក្យ​ថា ចូរ​ចេញ​ឲ្យ​ផុត​ទៅ។

23 យ៉ាង​នោះ ទ្រង់​នឹង​ប្រទាន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​សំរាប់​ពូជ​ឯង ដើម្បី​ឲ្យ​ឯង​បាន​សាប‌ព្រោះ​នៅ​ដី ហើយ​អាហារ​ជា​ផល​ចំរើន​ពី​ដី នោះ​នឹង​មាន​ឱជារស ហើយ​សម្បូរ​ផង នៅ​គ្រា​នោះ ហ្វូង​សត្វ​របស់​ឯង​នឹង​រក​ស៊ី​នៅ​វាល​ស្មៅ​ធំ​ទូលាយ

24 ឯ​គោ និង​លា​ស្ទាវ ដែល​ភ្ជួរ‌រាស់​វា​នឹង​បាន​អាហារ​ស៊ី​យ៉ាង​ឆ្ងាញ់ ដែល​គេ​បាន​រំសោះ​ដោយ​ចប‌ចូក និង​សម​ធំ

25 ហើយ​នឹង​មាន​ជ្រោះ និង​ផ្លូវ​ទឹក​នៅ​លើ​គ្រប់​ទាំង​ភ្នំ​ធំ​ខ្ពស់ និង​ភ្នំ​តូច​ទាំង​ប៉ុន្មាន គឺ​ក្នុង​គ្រា​ដែល​មាន​ការ​ប្រហារ​ជីវិត​យ៉ាង​ធំ ក្នុង​កាល​ដែល​អស់​ទាំង​ប៉ម​រលំ​មក​នោះ

26 មួយ​ទៀត​ពន្លឺ​នៃ​ព្រះ‌ចន្ទ​នឹង​បាន​ដូច​ជា​ពន្លឺ​ព្រះ‌អាទិត្យ ហើយ​ពន្លឺ​នៃ​ព្រះ‌អាទិត្យ​នឹង​ភ្លឺ​ជាង​ធម្មតា​១​ជា​៧ គឺ​ដូច​ជា​ពន្លឺ​នៃ​ថ្ងៃ​៧​រួម​មក​តែ​១ នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​បាន​រុំ​កន្លែង​បាក់​បែក​នៃ​រាស្ត្រ​ទ្រង់ ហើយ​ប្រោស​ឲ្យ​កន្លែង​ដែល​គេ​ត្រូវ​វាយ​បាន​ជា​វិញ។