24 ឯគោ និងលាស្ទាវ ដែលភ្ជួររាស់វានឹងបានអាហារស៊ីយ៉ាងឆ្ងាញ់ ដែលគេបានរំសោះដោយចបចូក និងសមធំ
25 ហើយនឹងមានជ្រោះ និងផ្លូវទឹកនៅលើគ្រប់ទាំងភ្នំធំខ្ពស់ និងភ្នំតូចទាំងប៉ុន្មាន គឺក្នុងគ្រាដែលមានការប្រហារជីវិតយ៉ាងធំ ក្នុងកាលដែលអស់ទាំងប៉មរលំមកនោះ
26 មួយទៀតពន្លឺនៃព្រះចន្ទនឹងបានដូចជាពន្លឺព្រះអាទិត្យ ហើយពន្លឺនៃព្រះអាទិត្យនឹងភ្លឺជាងធម្មតា១ជា៧ គឺដូចជាពន្លឺនៃថ្ងៃ៧រួមមកតែ១ នៅគ្រាដែលព្រះយេហូវ៉ាបានរុំកន្លែងបាក់បែកនៃរាស្ត្រទ្រង់ ហើយប្រោសឲ្យកន្លែងដែលគេត្រូវវាយបានជាវិញ។
27 មើល ព្រះនាមព្រះយេហូវ៉ាមកពីចំងាយ កំពុងតែឆេះ ដោយសេចក្ដីខ្ញាល់របស់ទ្រង់ ហើយមានទាំងផ្សែងយ៉ាងក្រាស់ហុយឡើង ព្រះរឹមទ្រង់មានពេញដោយសេចក្ដីគ្នាន់ក្នាញ់ ហើយព្រះជិវ្ហារបស់ទ្រង់ក៏ដូចជាភ្លើងឆេះបន្សុស
28 ឯអស្សាសៈរបស់ទ្រង់ នោះដូចជាផ្លូវទឹកដែលជន់លិចឡើងដល់ត្រឹមក ដើម្បីនឹងរែងអស់ទាំងសាសន៍ ដោយកញ្ច្រែងជាសេចក្ដីវិនាស ហើយនឹងដាក់បង្ហៀរបង្ខាំដែលនាំឲ្យវង្វេង ទៅក្នុងមាត់នៃសាសន៍ទាំងឡាយ
29 នោះឯងរាល់គ្នានឹងច្រៀងចំរៀង ដូចនៅពេលយប់ណាដែលធ្វើបុណ្យរំលង ហើយនឹងមានសេចក្ដីរីករាយក្នុងចិត្ត ដូចជាវេលាដែលដើរផ្លុំខ្លុយទៅឯភ្នំនៃព្រះយេហូវ៉ា គឺទៅឯព្រះដ៏ជាថ្មដានៃសាសន៍អ៊ីស្រាអែល
30 ឯព្រះយេហូវ៉ាទ្រង់នឹងបន្លឺព្រះសូរសៀងដ៏រុងរឿងឧត្តមរបស់ទ្រង់ឲ្យឮ ហើយនឹងបង្ហាញព្រះពាហុដែលធ្វើទោស ដោយសេចក្ដីគ្នាន់ក្នាញ់របស់សេចក្ដីខ្ញាល់ទ្រង់ និងអណ្តាតភ្លើងដ៏ឆេះបន្សុស ព្រមទាំងសន្ទុះខ្យល់ព្យុះសង្ឃរា និងដុំព្រិលផង