28 ឯអស្សាសៈរបស់ទ្រង់ នោះដូចជាផ្លូវទឹកដែលជន់លិចឡើងដល់ត្រឹមក ដើម្បីនឹងរែងអស់ទាំងសាសន៍ ដោយកញ្ច្រែងជាសេចក្ដីវិនាស ហើយនឹងដាក់បង្ហៀរបង្ខាំដែលនាំឲ្យវង្វេង ទៅក្នុងមាត់នៃសាសន៍ទាំងឡាយ
29 នោះឯងរាល់គ្នានឹងច្រៀងចំរៀង ដូចនៅពេលយប់ណាដែលធ្វើបុណ្យរំលង ហើយនឹងមានសេចក្ដីរីករាយក្នុងចិត្ត ដូចជាវេលាដែលដើរផ្លុំខ្លុយទៅឯភ្នំនៃព្រះយេហូវ៉ា គឺទៅឯព្រះដ៏ជាថ្មដានៃសាសន៍អ៊ីស្រាអែល
30 ឯព្រះយេហូវ៉ាទ្រង់នឹងបន្លឺព្រះសូរសៀងដ៏រុងរឿងឧត្តមរបស់ទ្រង់ឲ្យឮ ហើយនឹងបង្ហាញព្រះពាហុដែលធ្វើទោស ដោយសេចក្ដីគ្នាន់ក្នាញ់របស់សេចក្ដីខ្ញាល់ទ្រង់ និងអណ្តាតភ្លើងដ៏ឆេះបន្សុស ព្រមទាំងសន្ទុះខ្យល់ព្យុះសង្ឃរា និងដុំព្រិលផង
31 ដ្បិតដោយសារព្រះសូរសៀងនៃព្រះយេហូវ៉ា នោះសាសន៍អាសស៊ើរនឹងស្រយុតចិត្ត ទ្រង់នឹងវាយគេដោយដំបងរបស់ទ្រង់
32 ហើយគ្រប់ៗរយៈដំបងដែលព្រះយេហូវ៉ាបានដំរូវឲ្យត្រូវវាយគេ នោះនឹងឮសូរក្រាប់ និងស៊ុងប្រគំឡើងជាដរាប ឯក្នុងគ្រប់ទាំងពេលតគ្នានោះ ទ្រង់នឹងច្បាំងនឹងគេ ដោយព្រះពាហុលើកសំរេច
33 ដ្បិតមានទីដុតខ្មោចត្រៀមទុកតាំងពីបូរាណមក អើ ទីនោះបានរៀបចំសំរាប់ស្តេចនោះឯង ជាទីយ៉ាងជ្រៅ ហើយធំទូលាយ មានឧសគរឡើងជាច្រើន ពេញហើយដោយភ្លើង គឺជាអស្សាសៈនៃព្រះយេហូវ៉ា ដែលដូចជាជ្រោះស្ពាន់ធ័រហូរមកបង្កាត់ភ្លើងនោះ។