អេសាយ 32:2-8 KHOV

2 ហើយ​មនុស្ស​ម្នាក់​នឹង​បាន​ដូច​ជា​ទី​បាំង​ឲ្យ​រួច​ពី​ខ្យល់ និង​ជា​ទី​ជ្រក​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា ដូច​ផ្លូវ​ទឹក​ហូរ​នៅ​ទី​ហួត‌ហែង ហើយ​ដូច​ជា​ម្លប់​នៃ​ថ្មដា​យ៉ាង​ធំ​នៅ​ទី​ខ្សោះ​ល្វើយ

3 ឯ​ភ្នែក​នៃ​ពួក​អ្នក​ដែល​មើល​ឃើញ នោះ​នឹង​មិន​នៅ​ជា​ព្រិលៗ​ទៀត ហើយ​ត្រចៀក​នៃ​ពួក​អ្នក​ដែល​ស្តាប់​ឮ​នឹង​ប្រុង​ស្តាប់

4 ចិត្ត​របស់​ពួក​រួស‌រាន់​នឹង​មាន​ដំរិះ ហើយ​អណ្តាត​នៃ​ពួក​ដែល​និយាយ​ជាប់ នោះ​នឹង​ប្រុង‌ប្រៀប​និយាយ​ឡើង​យ៉ាង​ច្បាស់​វិញ

5 គេ​នឹង​មិន​ហៅ​មនុស្ស​ល្ងី‌ល្ងើ​ថា​ជា​អ្នក​សទ្ធា​ទៀត ក៏​មិន​ហៅ​មនុស្ស​ទ្រឹស្តិ‌ស្មូរ​ថា​ជា​មាន​គុណ​ឡើយ

6 ដ្បិត​មនុស្ស​ល្ងី‌ល្ងើ​នឹង​បញ្ចេញ​តែ​សេចក្ដី​ចំកួត ហើយ​ចិត្ត​របស់​គេ​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដើម្បី​តែ​នឹង​សំរេច​អំពើ​សៅ‌ហ្មង ហើយ​នឹង​ពោល​ពាក្យ​ខុស‌ឆ្គង​ទាស់​នឹង​ព្រះ‌យេហូវ៉ា ដោយ​ប្រាថ្នា​នឹង​ធ្វើ​ឲ្យ​ព្រលឹង​មនុស្ស​ឃ្លាន បាន​ទៅ​ទទេ ហើយ​បំបាត់​គ្រឿង​ផឹក​ពី​អ្នក​ដែល​ស្រេក​ចេញ

7 គ្រឿង​ប្រដាប់​របស់​មនុស្ស​ទ្រឹស្តិ‌ស្មូរ​សុទ្ធ​តែ​អាក្រក់ វា​គិត‌គូរ​ការ​អាក្រក់​ដើម្បី​នឹង​បំផ្លាញ​មនុស្ស​រាបសា ដោយ​ពាក្យ​កំភូត ទោះ​ទាំង​វេលា ដែល​មនុស្ស​កំសត់​និយាយ ដោយ​ត្រឹម‌ត្រូវ​ផង

8 តែ​ឯ​អ្នក​មាន​ចិត្ត​សទ្ធា​វិញ គេ​គិត‌គូរ​ការ​ជា​សគុណ​វិញ ហើយ​អ្នក​នោះ​នឹង​ស្ថិត‌ស្ថេរ​នៅ​ដោយ​ការ​នោះ​ឯង។