1 ឱអស់ទាំងសាសន៍អើយ ចូរឲ្យចូលមកជិតនឹងស្តាប់ចុះ អស់ទាំងប្រជាជាតិអើយ ចូរផ្ទៀងត្រចៀកចុះ ត្រូវឲ្យផែនដី និងរបស់សព្វសារពើនៅលើផែនដីស្តាប់ដែរ ព្រមទាំងលោកីយ៍ និងរបស់ទាំងប៉ុន្មានដែលកើតចេញពីនោះផង
2 ពីព្រោះយេហូវ៉ាទ្រង់មានសេចក្ដីគ្នាន់ក្នាញ់នឹងគ្រប់ទាំងសាសន៍ ហើយទ្រង់ក្រោធចំពោះពលទ័ពទាំងប៉ុន្មានរបស់គេដែរ ទ្រង់បានបំផ្លាញគេអស់រលីង ក៏បានប្រគល់គេទៅឲ្យត្រូវស្លាប់
3 ខ្មោចរបស់គេដែលត្រូវសំឡាប់នោះ នឹងបានបោះចោលទៅ ក្លិនស្អុយពីសាកសពទាំងនោះនឹងសាយឡើង ហើយភ្នំទាំងប៉ុន្មាននឹងត្រូវរលាយទៅដោយឈាមគេ
4 ឯបណ្តាពលបរិវារនៅលើមេឃនឹងត្រូវរៀវសូន្យទៅ ផ្ទៃមេឃនឹងត្រូវមូរឡើងដូចជារមូរសៀវភៅ ហើយគ្រប់ទាំងពួកពលបរិវារ នោះនឹងរោយរុះទៅ ដូចជាស្លឹកទំពាំងបាយជូរក្រៀមជ្រុះចាកដើម ក៏ដូចជាស្លឹកស្រពោនជ្រុះចាកដើមល្វាដែរ
5 ដ្បិតដាវរបស់អញបានឆ្អែតហើយ នៅលើមេឃ មើល នឹងចុះមកលើស្រុកអេដំម គឺលើសាសន៍ដែលអញបានដាក់បណ្តាសា ដើម្បីនឹងធ្វើទោសដល់គេទៀត
6 ដាវរបស់ព្រះយេហូវ៉ា បានប្រឡាក់ឈាមដាប ក៏ជោកដោយខ្លាញ់ គឺដោយឈាមកូនចៀម និងពពែ ព្រមទាំងខ្លាញ់ដែលជាប់នៅអង្គញ់នៃចៀមឈ្មោល ពីព្រោះព្រះយេហូវ៉ាទ្រង់មានការថ្វាយយញ្ញបូជានៅក្រុងបុសរ៉ា ក៏មានការសង្ហារយ៉ាងសំបើមនៅក្នុងស្រុកអេដំម
7 ឯពួកទន្សោងនឹងដួលចុះជាមួយនឹងគេ ព្រមទាំងគោស្ទាវ និងគោចាស់ផង ស្រុកគេនឹងបានដាបដោយឈាម ហើយធូលីដី នឹងបានជោកដោយខ្លាញ់។