7 ឯពួកទន្សោងនឹងដួលចុះជាមួយនឹងគេ ព្រមទាំងគោស្ទាវ និងគោចាស់ផង ស្រុកគេនឹងបានដាបដោយឈាម ហើយធូលីដី នឹងបានជោកដោយខ្លាញ់។
8 ដ្បិតព្រះយេហូវ៉ា ទ្រង់មានថ្ងៃសំរាប់សងសឹក មានឆ្នាំសំរាប់ស្នងដល់គេជំនួសក្រុងស៊ីយ៉ូន
9 ជ្រោះទឹកនៅស្រុកអេដំមនឹងត្រឡប់ជាជ័រ ធូលីដីនឹងត្រឡប់ជាស្ពាន់ធ័រ ហើយស្រុកគេនឹងមានពេញជាជ័រឆេះ
10 ភ្លើងនោះនឹងមិនរលត់ទាំងយប់ទាំងថ្ងៃ ហើយផ្សែងនឹងហុយឡើងជាដរាបទៅ ស្រុកនោះនឹងនៅជាកំឡោចគ្រប់ទាំងដំណនៃមនុស្សតទៅ ឥតដែលមានអ្នកណាដើរកាត់តាមនោះទៀតឡើយ
11 តែទុង និងប្រមា នឹងបានស្រុកនោះជាលំនៅវិញ ហើយគូក និងក្អែក នឹងអាស្រ័យនៅទីនោះដែរ ទ្រង់នឹងសន្ធឹងខ្សែវាស់នៅលើស្រុកនោះ ឲ្យត្រូវខូចបង់ ហើយស្ទង់កូនតឹង ឲ្យត្រូវសូន្យទទេ
12 គេនឹងហៅពួកត្រកូលខ្ពស់មកឲ្យតាំងរាជ្យឡើង តែនឹងគ្មានអ្នកណាមកឡើយ ឯពួកចៅហ្វាយទាំងប៉ុន្មាន នឹងផុតអស់ទៅ
13 បន្លានឹងដុះឡើងនៅក្នុងព្រះរាជដំណាក់ ហើយអញ្ចាញ និងដំបងយក្ខ នឹងដុះនៅក្នុងបន្ទាយរបស់គេដែរ ស្រុកនោះនឹងបានជាទីលំនៅនៃឆ្កែព្រៃ ហើយជាព្រះរាជរោង សំរាប់សត្វអូសទ្រីច