19 ក៏បានបោះចោលព្រះរបស់គេទៅក្នុងភ្លើងដែរ ដ្បិតមិនមែនជាព្រះទេ គឺជាស្នាដៃដែលមនុស្សធ្វើមកពីឈើ និងពីថ្មវិញ ហេតុនោះបានជាគេបំផ្លាញទៅបាន
20 ដូច្នេះ ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំរាល់គ្នាអើយ សូមទ្រង់ជួយសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្តាប់ដៃរបស់គេផង ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានដឹងថា ទ្រង់ជាព្រះយេហូវ៉ា គឺទ្រង់តែ១ព្រះអង្គទេ។
21 គ្រានោះអេសាយជាកូនអ័ម៉ូស ក៏ចាត់គេឲ្យទៅឯហេសេគា ទូលថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ដោយព្រោះឯងបានអធិស្ឋានដល់អញ ពីដំណើរសានហេរីបជាស្តេចសាសន៍អាសស៊ើរ
22 បានជាព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលពាក្យទាំងនេះ ពីដំណើរស្តេចនោះ គឺថា នាងក្រមុំនៃក្រុងស៊ីយ៉ូនបានស្អប់ខ្ពើមដល់ឯង ហើយបានមើលងាយដល់ឯង កូនស្រីនៃក្រុងយេរូសាឡិមបានគ្រវីក្បាលដល់ឯងហើយ
23 តើឯងបានប្រកួត ហើយប្រមាថដល់អ្នកណា តើទាស់នឹងអ្នកណា ដែលឯងបានដំឡើងសំឡេង ហើយងើបភ្នែកឡើងជាខ្ពស់ដូច្នេះ គឺទាស់នឹងព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទេតើ
24 ឯងបានប្រកួតនឹងព្រះអម្ចាស់ ដោយពួកអ្នកដែលចាត់ឲ្យមកនោះ ដោយថា អញបានឡើងទៅឯកំពូលភ្នំទាំងប៉ុន្មាន ដោយសាររទេះចំបាំងអញ ហើយដល់ទីជ្រៅបំផុតនៃព្រៃល្បាណូនផង អញនឹងកាប់អស់ទាំងដើមតាត្រៅដែលខ្ពស់ និងដើមកកោះដែលល្អជាងគេនៅទីនោះ អញនឹងចូលទៅដល់ទីខ្ពស់នៅចុងស្រុកគេ គឺដល់ចំការរបស់គេ ដែលដុះដាលដូចជាព្រៃ
25 អញបានជីក ហើយបានផឹកទឹក អញក៏នឹងធ្វើឲ្យអស់ទាំងទន្លេស្រុកអេស៊ីព្ទរីងស្ងួតទៅ ដោយបាតជើងរបស់អញ។