អេសាយ 37:21-27 KHOV

21 គ្រា​នោះ​អេសាយ​ជា​កូន​អ័ម៉ូស ក៏​ចាត់​គេ​ឲ្យ​ទៅ​ឯ​ហេសេគា ទូល​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​ឯង​បាន​អធិ‌ស្ឋាន​ដល់​អញ ពី​ដំណើរ​សាន‌ហេ‌រីប​ជា​ស្តេច​សាសន៍​អាស‌ស៊ើរ

22 បាន​ជា​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ពាក្យ​ទាំង​នេះ ពី​ដំណើរ​ស្តេច​នោះ គឺ​ថា នាង​ក្រមុំ​នៃ​ក្រុង​ស៊ីយ៉ូន​បាន​ស្អប់​ខ្ពើម​ដល់​ឯង ហើយ​បាន​មើល‌ងាយ​ដល់​ឯង កូន​ស្រី​នៃ​ក្រុង​យេរូ‌សាឡិម​បាន​គ្រវី​ក្បាល​ដល់​ឯង​ហើយ

23 តើ​ឯង​បាន​ប្រកួត ហើយ​ប្រមាថ​ដល់​អ្នក​ណា តើ​ទាស់​នឹង​អ្នក​ណា ដែល​ឯង​បាន​ដំឡើង​សំឡេង ហើយ​ងើប​ភ្នែក​ឡើង​ជា​ខ្ពស់​ដូច្នេះ គឺ​ទាស់​នឹង​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទេ​តើ

24 ឯង​បាន​ប្រកួត​នឹង​ព្រះ‌អម្ចាស់ ដោយ​ពួក​អ្នក​ដែល​ចាត់​ឲ្យ​មក​នោះ ដោយ​ថា អញ​បាន​ឡើង​ទៅ​ឯ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ដោយ‌សារ​រទេះ​ចំបាំង​អញ ហើយ​ដល់​ទី​ជ្រៅ​បំផុត​នៃ​ព្រៃ​ល្បាណូន​ផង អញ​នឹង​កាប់​អស់​ទាំង​ដើម​តាត្រៅ​ដែល​ខ្ពស់ និង​ដើម​កកោះ​ដែល​ល្អ​ជាង​គេ​នៅ​ទី​នោះ អញ​នឹង​ចូល​ទៅ​ដល់​ទី​ខ្ពស់​នៅ​ចុង​ស្រុក​គេ គឺ​ដល់​ចំការ​របស់​គេ ដែល​ដុះ‌ដាល​ដូច​ជា​ព្រៃ

25 អញ​បាន​ជីក ហើយ​បាន​ផឹក​ទឹក អញ​ក៏​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​ទន្លេ​ស្រុក​អេស៊ីព្ទ​រីង​ស្ងួត​ទៅ ដោយ​បាត​ជើង​របស់​អញ។

26 តើ​ឯង​មិន​បាន​ឮ​ថា អញ​បាន​គិត​ជា​ស្រេច នឹង​ធ្វើ​ការ​ទាំង​ប៉ុន្មាន​នេះ​តាំង​ពី​យូរ​មក​ហើយ ព្រម​ទាំង​ចាត់‌ចែង​តាំង​ពី​ចាស់​បុរាណ​ផង​ទេ​ឬ​អី ឥឡូវ​នេះ អញ​បាន​សំរេច​ការ​នេះ​ហើយ គឺ​បាន​ឲ្យ​ឯង​បំផ្លាញ​ទី​ក្រុង​មាន​កំផែង​ឲ្យ​ទៅ​ជា​គំនរ​បំណែក

27 ហេតុ​នោះ​បាន​ជា​ពួក​អ្នក​ក្រុង​ទាំង​នោះ​ខ្សោយ​កំឡាំង គេ​បាន​ស្រយុត​ចិត្ត ហើយ​ទ្រឹង​នៅ គេ​ក៏​ដូច​ជា​ស្មៅ​នៅ​វាល និង​ពន្លក​ខ្ចី គឺ​ដូច​ជា​ស្មៅ​ដែល​ដុះ​នៅ​លើ​ដំបូល​ផ្ទះ និង​ស្រែ​ពេញ​ដោយ​ស្រូវ​ដែល​មិន​ទាន់​ចាស់