22 បានជាព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលពាក្យទាំងនេះ ពីដំណើរស្តេចនោះ គឺថា នាងក្រមុំនៃក្រុងស៊ីយ៉ូនបានស្អប់ខ្ពើមដល់ឯង ហើយបានមើលងាយដល់ឯង កូនស្រីនៃក្រុងយេរូសាឡិមបានគ្រវីក្បាលដល់ឯងហើយ
23 តើឯងបានប្រកួត ហើយប្រមាថដល់អ្នកណា តើទាស់នឹងអ្នកណា ដែលឯងបានដំឡើងសំឡេង ហើយងើបភ្នែកឡើងជាខ្ពស់ដូច្នេះ គឺទាស់នឹងព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទេតើ
24 ឯងបានប្រកួតនឹងព្រះអម្ចាស់ ដោយពួកអ្នកដែលចាត់ឲ្យមកនោះ ដោយថា អញបានឡើងទៅឯកំពូលភ្នំទាំងប៉ុន្មាន ដោយសាររទេះចំបាំងអញ ហើយដល់ទីជ្រៅបំផុតនៃព្រៃល្បាណូនផង អញនឹងកាប់អស់ទាំងដើមតាត្រៅដែលខ្ពស់ និងដើមកកោះដែលល្អជាងគេនៅទីនោះ អញនឹងចូលទៅដល់ទីខ្ពស់នៅចុងស្រុកគេ គឺដល់ចំការរបស់គេ ដែលដុះដាលដូចជាព្រៃ
25 អញបានជីក ហើយបានផឹកទឹក អញក៏នឹងធ្វើឲ្យអស់ទាំងទន្លេស្រុកអេស៊ីព្ទរីងស្ងួតទៅ ដោយបាតជើងរបស់អញ។
26 តើឯងមិនបានឮថា អញបានគិតជាស្រេច នឹងធ្វើការទាំងប៉ុន្មាននេះតាំងពីយូរមកហើយ ព្រមទាំងចាត់ចែងតាំងពីចាស់បុរាណផងទេឬអី ឥឡូវនេះ អញបានសំរេចការនេះហើយ គឺបានឲ្យឯងបំផ្លាញទីក្រុងមានកំផែងឲ្យទៅជាគំនរបំណែក
27 ហេតុនោះបានជាពួកអ្នកក្រុងទាំងនោះខ្សោយកំឡាំង គេបានស្រយុតចិត្ត ហើយទ្រឹងនៅ គេក៏ដូចជាស្មៅនៅវាល និងពន្លកខ្ចី គឺដូចជាស្មៅដែលដុះនៅលើដំបូលផ្ទះ និងស្រែពេញដោយស្រូវដែលមិនទាន់ចាស់
28 អញដឹងកន្លែងដែលឯងអង្គុយ និងវេលាណា ដែលឯងចេញចូល ក៏ស្គាល់សេចក្ដីដែលឯងខឹងក្តៅនឹងអញដែរ