អេសាយ 37:26-32 KHOV

26 តើ​ឯង​មិន​បាន​ឮ​ថា អញ​បាន​គិត​ជា​ស្រេច នឹង​ធ្វើ​ការ​ទាំង​ប៉ុន្មាន​នេះ​តាំង​ពី​យូរ​មក​ហើយ ព្រម​ទាំង​ចាត់‌ចែង​តាំង​ពី​ចាស់​បុរាណ​ផង​ទេ​ឬ​អី ឥឡូវ​នេះ អញ​បាន​សំរេច​ការ​នេះ​ហើយ គឺ​បាន​ឲ្យ​ឯង​បំផ្លាញ​ទី​ក្រុង​មាន​កំផែង​ឲ្យ​ទៅ​ជា​គំនរ​បំណែក

27 ហេតុ​នោះ​បាន​ជា​ពួក​អ្នក​ក្រុង​ទាំង​នោះ​ខ្សោយ​កំឡាំង គេ​បាន​ស្រយុត​ចិត្ត ហើយ​ទ្រឹង​នៅ គេ​ក៏​ដូច​ជា​ស្មៅ​នៅ​វាល និង​ពន្លក​ខ្ចី គឺ​ដូច​ជា​ស្មៅ​ដែល​ដុះ​នៅ​លើ​ដំបូល​ផ្ទះ និង​ស្រែ​ពេញ​ដោយ​ស្រូវ​ដែល​មិន​ទាន់​ចាស់

28 អញ​ដឹង​កន្លែង​ដែល​ឯង​អង្គុយ និង​វេលា​ណា ដែល​ឯង​ចេញ​ចូល ក៏​ស្គាល់​សេចក្ដី​ដែល​ឯង​ខឹង​ក្តៅ​នឹង​អញ​ដែរ

29 ដោយ​ព្រោះ​ឯង​ខឹង​នឹង​អញ​ដូច្នេះ ហើយ​ដោយ​ព្រោះ​សេចក្ដី​ព្រហើន​របស់​ឯង បាន​ឮ​មក​ដល់​ត្រចៀក​អញ នោះ​អញ​នឹង​ដាក់​កន្លុះ​របស់​អញ នៅ​ច្រមុះ​ឯង និង​ដែក​បង្ខាំ​របស់​អញ​នៅ​មាត់​ឯង ហើយ​អញ​នឹង​ញាក់​ឯង​ឲ្យ​វិល​ត្រឡប់​ទៅ​តាម​ផ្លូវ​ដដែល​ដែល​ឯង​បាន​មក​នោះ​វិញ។

30 ការ​នេះ​នឹង​បាន​ជា​ទី​សំគាល់​ដល់​ឯង​រាល់​គ្នា គឺ​នៅ​ឆ្នាំ​នេះ ឯង​រាល់​គ្នា​នឹង​បរិភោគ​ផល​ដែល​ដុះ​ឯង ដល់​ឆ្នាំ​ទី​២ នោះ​នឹង​បរិភោគ​ផល​ដែល​កើត​ពី​នោះ​ទៀត តែ​ដល់​ឆ្នាំ​ទី​៣ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​សាប‌ព្រោះ ច្រូត​កាត់ ហើយ​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ​ទៅ រួច​បរិភោគ​ផល​ទាំង​នោះ​វិញ

31 ឯ​សំណល់​នៃ​ពួក​កូន​ចៅ​យូដា​ដែល​រួច​ជីវិត គេ​នឹង​ចាក់​ឫស​ទៅ​ក្រោម ហើយ​នឹង​បង្កើត​ផល​ទៅ​លើ

32 ដ្បិត​នឹង​មាន​សំណល់​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ព្រម​ទាំង​ពួក​អ្នក​ដែល​រួច​ជីវិត​ពី​ក្រុង​ស៊ីយ៉ូន​ដែរ សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​នឹង​ធ្វើ​ការ​នោះ។