អេសាយ 37:4-10 KHOV

4 ប្រហែល​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ទ្រង់​នឹង​ឮ​អស់​ទាំង​ពាក្យ​របស់​រ៉ាបសាកេ​នេះ​ទេ​ដឹង ជា​ពាក្យ​ដែល​ស្តេច​អាស‌ស៊ើរ ជា​ចៅ‌ហ្វាយ​គេ បាន​ចាត់​ឲ្យ​មក​ប្រកួត​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ទ្រង់​នឹង​បន្ទោស​ដល់​គេ ដោយ​ព្រោះ​ពាក្យ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក ទ្រង់​បាន​ឮ​ហើយ ដូច្នេះ សូម​អធិ‌ស្ឋាន​ឲ្យ​សំណល់​ដែល​នៅ​សល់​ចុះ។

5 ពួក​ជំនិត​របស់​ស្តេច​ហេសេគា ក៏​មក​ឯ​អេសាយ

6 ហើយ​អេសាយ​លោក​មាន​ប្រសាសន៍​ថា ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ទូល​ដល់​ចៅ‌ហ្វាយ​អ្នក​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ កុំ​ឲ្យ​ខ្លាច​ចំពោះ​ពាក្យ​សំដី​ដែល​ឯង​បាន​ឮ ជា​ពាក្យ​ដែល​ពួក​បំរើ​របស់​ស្តេច​អាស‌ស៊ើរ បាន​ប្រមាថ​ដល់​អញ​នោះ​ឡើយ

7 មើល អញ​នឹង​បណ្តាល​គំនិត​វា ឲ្យ​សំរេច​នឹង​ត្រឡប់​ទៅ​ឯ​ស្រុក​វា​វិញ ដោយ​វា​ឮ​ដំណឹង​១ រួច​អញ​នឹង​ឲ្យ​វា​ដួល​ស្លាប់​ដោយ​ដាវ នៅ​ក្នុង​ស្រុក​របស់​វា​ទៅ។

8 ចំណែក​រ៉ាបសាកេ ក៏​ត្រឡប់​ទៅ​រក​ស្តេច​អាស‌ស៊ើរ​ឃើញ​កំពុង​តែ​ច្បាំង​នឹង​ក្រុង​លិបណា ដ្បិត​លោក​បាន​ឮ​ថា ទ្រង់​ថយ​ពី​ក្រុង​ឡាគីស​ទៅ​ហើយ

9 ស្តេច​បាន​ឮ​និយាយ​ពី​ទារ‌ហា‌កា ជា​ស្តេច​អេធីយ៉ូពី ថា​ចេញ​មក​ច្បាំង​នឹង​ទ្រង់​ហើយ លុះ​ទ្រង់​បាន​ឮ​ដូច្នោះ ក៏​ចាត់​សារ​ទៅ​ឯ​ហេសេគា​ដោយ​ពាក្យ​ថា

10 ចូរ​ឯង​រាល់​គ្នា​ប្រាប់​ដល់​ហេសេគា​ជា​ស្តេច​យូដា​ដូច្នេះ កុំ​ឲ្យ​ព្រះ​របស់​ឯង ដែល​ឯង​ទុក​ចិត្ត​នោះ​បញ្ឆោត​ឯង​ដោយ​ថា ក្រុង​យេរូ‌សាឡិម​នឹង​មិន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​អាស‌ស៊ើរ នោះ​ឡើយ