អេសាយ 37:7-13 KHOV

7 មើល អញ​នឹង​បណ្តាល​គំនិត​វា ឲ្យ​សំរេច​នឹង​ត្រឡប់​ទៅ​ឯ​ស្រុក​វា​វិញ ដោយ​វា​ឮ​ដំណឹង​១ រួច​អញ​នឹង​ឲ្យ​វា​ដួល​ស្លាប់​ដោយ​ដាវ នៅ​ក្នុង​ស្រុក​របស់​វា​ទៅ។

8 ចំណែក​រ៉ាបសាកេ ក៏​ត្រឡប់​ទៅ​រក​ស្តេច​អាស‌ស៊ើរ​ឃើញ​កំពុង​តែ​ច្បាំង​នឹង​ក្រុង​លិបណា ដ្បិត​លោក​បាន​ឮ​ថា ទ្រង់​ថយ​ពី​ក្រុង​ឡាគីស​ទៅ​ហើយ

9 ស្តេច​បាន​ឮ​និយាយ​ពី​ទារ‌ហា‌កា ជា​ស្តេច​អេធីយ៉ូពី ថា​ចេញ​មក​ច្បាំង​នឹង​ទ្រង់​ហើយ លុះ​ទ្រង់​បាន​ឮ​ដូច្នោះ ក៏​ចាត់​សារ​ទៅ​ឯ​ហេសេគា​ដោយ​ពាក្យ​ថា

10 ចូរ​ឯង​រាល់​គ្នា​ប្រាប់​ដល់​ហេសេគា​ជា​ស្តេច​យូដា​ដូច្នេះ កុំ​ឲ្យ​ព្រះ​របស់​ឯង ដែល​ឯង​ទុក​ចិត្ត​នោះ​បញ្ឆោត​ឯង​ដោយ​ថា ក្រុង​យេរូ‌សាឡិម​នឹង​មិន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​អាស‌ស៊ើរ នោះ​ឡើយ

11 មើល​ឯង​បាន​ឮ​និយាយ​ពី​ការ​ដែល​ស្តេច​អាស‌ស៊ើរ​បាន​ធ្វើ ដល់​ស្រុក​ទាំង​ប៉ុន្មាន​ហើយ គឺ​ដែល​ទ្រង់​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ ដូច្នេះ​តើ​ឯង​នឹង​បាន​រួច​ឬ

12 ឯ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​ពួក​ព្ធយុ‌កោ​អញ​បាន​បំផ្លាញ គឺ​ពួក​ក្រុង​កូសាន ក្រុង​ខារ៉ាន ក្រុង​រេសែភ និង​ពួក​កូន​ចៅ​អេដែន​ដែល​នៅ​ស្រុក​ធេឡា‌សើរ តើ​ព្រះ​របស់​គេ​បាន​ជួយ​ឲ្យ​គេ​រួច​ឬ​ទេ

13 តើ​ស្តេច​ស្រុក​ហាម៉ាត ស្តេច​ក្រុង​អើផាឌ និង​ស្តេច​ក្រុង​សេផា‌វែម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា​នៅ​ឯ​ណា។