អេសាយ 38:13-19 KHOV

13 ដរាប​ដល់​ពេល​ព្រឹក យើង​បាន​គិត​ថា ទ្រង់​នឹង​បំបាក់​អស់​ទាំង​ឆ្អឹង​យើង ដូច​ជា​សិង្ហ តាំង​ពី​ថ្ងៃ​ដរាប​ដល់​យប់ ទ្រង់​ផ្តាច់​ជីវិត​យើង

14 យើង​បាន​យំ​ចេច‌ចាច​ដូច​ជា​សត្វ​ត្រចៀក‌កាំ ឬ​ដូច​ជា​ក្រសារ ក៏​បាន​ថ្ងូរ​ដូច​ព្រាប​ដែរ ឯ​ភ្នែក​យើង​បាន​ស្រវាំង​ទៅ ដោយ​ងើយ​មើល​ទៅ​លើ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ត្រូវ​សង្កត់‌សង្កិន សូម​ធានា​ឲ្យ​ទូល‌បង្គំ​ផង

15 តើ​ទូល‌បង្គំ​នឹង​ថា​ដូច​ម្តេច ទ្រង់​បាន​ទាំង​មាន​ព្រះ‌បន្ទូល​មក​ទូល‌បង្គំ ហើយ​បាន​សំរេច​តាម​សំដី​ផង ទូល‌បង្គំ​បាន​ដើរ​សន្សឹមៗ​គ្រប់​១​ជីវិត ដោយ​ព្រោះ​សេចក្ដី​ជូរ​ចត់​នៅ​ក្នុង​ចិត្ត

16 ឱ​ព្រះ‌អម្ចាស់​អើយ គឺ​ដោយ​សេចក្ដី​ទាំង​នេះ​ហើយ ដែល​មនុស្ស​រស់​នៅ ហើយ​ជីវិត​នៃ​វិញ្ញាណ​ទូល‌បង្គំ ក៏​នៅ​ទាំង​មូល​ក្នុង​សេចក្ដី​ទាំង​នេះ​ឯង ដូច្នេះ សូម​ទ្រង់​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ជា ហើយ​ឲ្យ​ទូល‌បង្គំ​បាន​រស់​វិញ

17 មើល ទូល‌បង្គំ​មាន​សេចក្ដី​ជូរ​ចត់​យ៉ាង​ខ្លាំង នោះ​គឺ​ឲ្យ​ទូល‌បង្គំ​មាន​សេចក្ដី​សុខ​ទេ ទ្រង់​បាន​ប្រោស​ឲ្យ​ទូល‌បង្គំ​រួច​ពី​រណ្តៅ​នៃ​សេចក្ដី​ពុក‌រលួយ ដោយ​សេចក្ដី​ស្រឡាញ់​ដល់​ព្រលឹង​ទូល‌បង្គំ ដ្បិត​ទ្រង់​បាន​បោះ​ចោល​អស់​ទាំង​អំពើ​បាប​របស់​ទូល‌បង្គំ ទៅ​ក្រោយ​ទ្រង់​ហើយ

18 ពី​ព្រោះ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នឹង​ឈោង​ដៃ​រក​ទ្រង់​មិន​បាន ហើយ​សេចក្ដី​ស្លាប់​ក៏​នឹង​អួត​សរសើរ​ទ្រង់​មិន​បាន​ដែរ ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ នឹង​សង្ឃឹម​ដល់​សេចក្ដី​ពិត​របស់​ទ្រង់​មិន​បាន​ឡើយ

19 ឯ​មនុស្ស​រស់ គឺ​ជា​មនុស្ស​រស់​ហើយ ដែល​នឹង​សរសើរ​ដល់​ទ្រង់ ដូច​ជា​ទូល‌បង្គំ​នៅ​ថ្ងៃ​នេះ​ដែរ ឪពុក​នឹង​បន្ត​សេចក្ដី​ពិត​របស់​ទ្រង់​ឲ្យ​កូន​ស្គាល់​ត​ទៅ